កំពង់ឆ្នាំង៖ សមយុទ្ធយោធារួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «សមយុទ្ធនាគមាស ២០២៣» បានចាប់ផ្តើមហើយនៅថ្ងៃនេះ។ជាសមយុទ្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ហើយក៏ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
សមយុទ្ធនាគមាស ២០២៣ រៀបចំឡើងក្រោមប្រធានបទ «ប្រតិបត្តិការ ការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន» បានចាប់ផ្តើម នាថ្ងៃទី២៣ មីនា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លំហាត់សមយុទ្ធនាគមាសនេះ មានការរៀបចំខ្លឹមសារសមយុទ្ធ ជាកម្លាំងទ័ពពិត ធ្វើការចល័តតាមទីតាំងដោយផ្សារភ្ជាប់ និងស្ថានភាពជាក់ស្ដែង ព្រមបែងចែកជាដំណាក់កាលនីមួយៗ ទៅតាមភាពជាក់ស្ដែង ។ ដោយឡែកចំពោះសម្ភារៈយោធាដែលកំពុងដាក់តាំងនៅលើទីលាន ដើម្បីប្រុងប្រៀបបើកធ្វើលំហាត់សមយុទ្ធនាគមាសឆ្នាំ ២០២៣ នេះ មានគ្រឿងចក្រដែលជាយោធូបករណ៍ប្រយុទ្ធរបស់យោធាភាគីកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនជាច្រើនគ្រឿង។
នៅក្នុងសមយុទ្ធនេះមានការចូលរួមពីកងទ័ពចិនចំនួន ២៥៧ នាក់ ក្នុងនោះមានកម្លាំងធ្វើសមយុទ្ធ ១៨៧ នាក់ និងក្រៅពីនោះជាក្រុមដឹកនាំសមយុទ្ធក្រុមទីបញ្ជាការនិងក្រុមធានា ។ រីឯភាគីកងទ័ពកម្ពុជា មានកម្លាំងចូលរួមសរុប ២,៨៣១ នាក់។ ក្នុងនោះរួមមានកម្លាំងធ្វើលំហាត់ ៣៨២នាក់ កម្លាំងបម្រើការក្នុងលំហាត់ ចំនួន ៥៨៣ នាក់ ក្រុមទីបញ្ជាការ.និងក្រុមការងារធានា ។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយដែលកម្ពុជា-ចិនបានធ្វើសមយុទ្ធរួមគ្នា ដែលលើកទី១បានធ្វើនៅក្នុឆ្នាំ២០១៦ លើកទី២ ឆ្នាំ២០១៨ លើកទី៣ ឆ្នាំ២០១៩ លើកទី៥ ឆ្នាំ២០២០ និងឆ្នាំ២០២៣ ជាលើកទី៥។ ការខាងខកខានក្នុងការធ្វើសមយុទ្ធរួមគ្នា នៅក្នុងឆ្នាំ២០១៧ ដោយសារតែជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕