ភ្នំពេញ៖ សិស្សានុសិស្សមកពីបណ្តាសាលាក្នុងរាជធានី-ខេត្ត ទាំង១៣ ចំនួន៣០រូប ទទួលបានជ័យលាភីការប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន ដែលរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គគោលនយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន នាថ្ងៃទី២១ មីនា នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន។
ការប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុមានបេក្ខជនដែលជាសិស្សានុសិស្សចំនួន ៤៤៤រូប មកពីបណ្តាសាលាក្នុងរាជធានី-ខេត្ត ចំនួន១៣ ដែលស្របតាមលក្ខណៈវិនិច្ឆ័យ និងបានដាក់ប្រកួតលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានជ្រើសរើសបានជ័យលាភីចំនួន៣០រូប។ ក្នុងកម្មវិធីប្រកាសជ័យលាភីការប្រកួតគូរគំនូរនេះ ជ័យលាភីចំនួន២៥ រូប ទទួលបានប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ចំណែកឯជ័យលាភីចំនួន៥រូបទៀត ទទួលបានប័ណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត។
លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ពិធីប្រកាសជ័យលាភីការប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុ ជាសកម្មភាពគាំទ្រទៅលើការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងជាសារមួយដ៏សំខាន់ ក្នុងការបំផុសស្មារតី និងការយល់ដឹងដល់សាធារណជន។ ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ រួមមាន ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងនៃនីវូទឹកសមុទ្រ ដែលប៉ះពាល់ដល់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕