ភ្នំពេញ៖ក្រុមប្រឹក្សាធម្មនុញ្ញ និង ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៦ មីនា ប្រកាសអនុវត្តអនុស្សរណៈនៃការព្រមព្រៀង និង ពិធីបើកវគ្គបណ្ដុះបណ្ដាលដល់ក្រុមគ្រូឧទ្ទេសទូទាំង ២៥ រាជធានី ខេត្ត ស្តីពីការដាក់បញ្ចូលការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតគឺ កម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមទុតិយភូមិ។ការដាក់បញ្ជូលនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងសីលធម៌របស់ប្រជាពលរដ្ឋ ដែលនឹងបង្កើតភាពសុខដុមនៃសង្គមជាតិ។ពិធីប្រកាសធ្វើឡើងនៅសណ្ឋាគារ ហាយ៉ាតរីជេនស៊ី តំណាងដោយលោក អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក អុឹម ឈុនលឹម បានគូសបញ្ជាក់ថា ការយល់ដឹងច្បាស់នូវបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិនឹងជួយពង្រីកស្មារតីជាតិនិយម ជួយពង្រឹងសីលធម៌របស់ប្រជាពលរដ្ឋ ដែលនឹងបង្កើតភាពសុខដុមនៃសង្គមជាតិ។ គុណតម្លៃនៃរដ្ឋធម្មនុញ្ញ ជាគុណតម្លៃនៃនីតិរដ្ឋ គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលជាសមាសធាតុក្នុងការកសាងនិងការអភិវឌ្ឍសង្គមនីតិរដ្ឋ ក្នុងសម័យទំនើបនេះ។
បើតាមលោក អុឹម ឈុនលឹម ការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវមានការទទួលខុសត្រូវ និងសីលធម៌ដើម្បីរក្សាបាននូវសុខដុមនីយកម្មសង្គមមួយរឹងមាំ។ ដូច្នេះការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ យ៉ាងហោចណាស់អំពីគោលការណ៍ធំៗនៃគុណតម្លៃរដ្ឋធម្មនុញ្ញ គឺជាការចាំបាច់ក្នុងការបង្កើនចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងពង្រឹងមនសិការស្នេហាជាតិ ព្រមទាំងសីលធម៌សង្គម លើមូលដ្ឋានគ្រឹះនៃសុខដុមនីយកម្មសង្គម វប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ជាតិ។
គួរបញ្ជាក់ថា តាមគម្រោងក្រសួងអប់រំនឹងបញ្ជូលមេរៀន«រដ្ឋធម្មនុញ្ញ»ទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតរបស់ក្រសួង និងបានប្រកាសបើកវគ្គបណ្ដុះបណ្ដាលដល់ក្រុមគ្រូឧទ្ទេសទូទាំង ២៥ រាជធានី ខេត្ត ព្រមទាំងបានប្រគល់នូវសៀវភៅជំនួយស្មារតីគ្រូពាក់ព័ន្ធនឹងបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សម្រាប់ជាមូលដ្ឋាននៃជំនួយស្មារតីលើការបណ្តុះបណ្តាលគ្រូបង្គោល៕