Cctimesw1140xh150cm copy

អតីតក្មេងរើសសម្រាមលោកស្រី ឡៃសេង ហ្វីលីព ជីវិតផ្លាស់ប្ដូរក្រោយជួប Scott Neeson

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោកស្រី ឡៃសេង ហ្វីលីព បានចាកចេញពីឪពុកម្ដាយមករស់នៅជាមួយម្ដាយមីង នៅទីក្រុងភ្នំពេញ ក្នុងវ័យ៧ឆ្នាំ ដោយប្រកបរបរជាអ្នករើសអេតចាយ។ ប្រមាណជាពីឆ្នាំក្រោយមក នៅក្នុង២០០៤ លោកស្រីបានជួបជាមួយលោក Scott Neeson នៅលើគំនរសម្រាមស្ទឹងមានជ័យ ខណៈពេលដែលលោកស្រីកំពុងរើសអេតចាយជាមួយបងស្រី។ នៅពេលនោះជីវិតរបស់លោកស្រីបានផ្លាស់ប្ដូរ ដោយលោក Scott Neeson បានផ្ដល់គ្រប់យ៉ាង ដែលឪពុកម្ដាយបង្កើតរបស់លោកស្រីមិនអាចផ្ដល់អោយបាន ដោយសារតែជីវភាពខ្វះខាតខ្លាំង។

លោកស្រី ឡៃសេង ហ្វីលីព ដែលមានឈ្មោះដើមថា សឿន ឡៃសេង មានទីកន្លែងកំណើត ភូមិពាមជ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នលោកស្រីរស់នៅក្នុង រដ្ឋកាន់សាស់ សហរដ្ឋអាម៉េរិក។ លោកស្រីបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ២០១៣ ដោយទទួលបាននិន្ទេស C។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅស៊ីសុវត្ថិ លោកស្រីក៏បានប្រឡងជាប់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យកម្ពុជា និងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០១៨។

គ្រួសារលោកស្រី  ឡៃសេង ហ្វីលីព

នៅក្នុងវ័យ៧ឆ្នាំ លោកស្រីបានចាកចេញពីក្រុមគ្រួសារ មករស់នៅជាមួយម្ដាយមីងនៅក្នុងទីក្រុងពេញ។ ការផ្លាស់ប្ដូរទីលំនៅមករស់នៅជាមួយម្ដាយមីង លោកស្រីមិនបានចូលរៀនដូចកុមារដ៏ទៃទៀតឡើយ ដោយសារតែបញ្ហាជីវភាព។ នៅពេលមករស់នៅក្នុងទីក្រុងភ្នំពេញ លោកស្រីបានប្រកបរបររើសអេតចាយ ជាមួយបងស្រីរបស់លោកស្រី។

លោកស្រី ឡៃសេង បានប្រាប់ស៊ីស៊ីថាមស៍ថា ប្រមាណជាពីរឆ្នាំក្រោយមក ក្នុងខែសីហា ឆ្នាំ២០០៤លោកស្រី ឡៃសេង បានជួបជាមួយលោក Scott Neeson និងបានយកលោកស្រីមករស់នៅក្នុងអង្គការ។ នៅពេលនោះលោកស្រីក៏មានកន្លែងរស់នៅល្អ និងមានឱកាសចូលសាលារៀនដូចកុមារដ៏ទៃទៀតដែរ។ ការមករស់នៅក្នុងអង្គការ បានជួយសម្រាលបន្ទុក ក៏ដូចជាជីវភាពគ្រួសាររបស់លោកស្រីបានមួយកម្រិតទៀត ព្រោះការរស់នៅទីនោះ លោកស្រីបានទទួលបានការទំនុកបម្រុងតាំងពីកុមាររហូតដល់បញ្ចប់ការសិក្សា។

លោកស្រី ឡៃសេង បានបន្ដថា ការជួបលោក Scott Neeson ជាការចងចាំល្អបំផុតរបស់លោកស្រី កាលពីកុមារ ហើយលោកស្រីមិនធ្លាប់ភ្លេចថ្ងៃដែលលោកស្រីបានជួបជាមួយ Scott Neeson នៅលើគំនរសម្រាមស្ទឹងមានជ័យ នោះឡើយ ព្រោះការបានជួបជាមួយលោក Scott Neeson បានធ្វើឱ្យជីវិតលោកស្រីមានការផ្លាស់ប្ដូរទាំងស្រុង។ នៅពេលដែលលោកស្រីបានធំដឹងក្ដីមក លោកស្រីគិតថា ប្រសិនបើលោកស្រីមិនបានជួបជាមួយលោក Scott Neeson ជីវិតរបស់លោកស្រីមិនបានដូចសព្វថ្ងៃនេះឡើយ។ Scott Neeson បានផ្ដល់គ្រប់យ៉ាង ដែលឪពុកម្ដាយបង្កើតរបស់លោកស្រីមិនអាចផ្ដល់អោយបាន ដោយសារតែជីវភាពខ្វះខាតខ្លាំង។

ក្នុងវ័យ២៩ឆ្នាំ លោកស្រី ឡៃសេង បានឱ្យដឹងថា ទោះបីទទួលបានការឧបត្ថម្ភពីអង្គការយ៉ាងណាក៏ដោយ ក៏ពេលខ្លះលោកស្រីក៏ធ្លាប់ចង់បោះបង់ការសិក្សា ដើម្បីរកលុយផ្គត់ផ្គង់ឪពុកម្ដាយ ដោយសារតែឃើញក្រុមគ្រួសារមានជីវភាពក្រីក្រខ្លាំងពេក។ ប៉ុន្ដែដោយមានការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ និងដោយសារតែលោកស្រីគិតថាការបោះបង់ការសិក្សាដោយត្រឡប់មករកលុយផ្គត់ផ្គង់ក្រុមគ្រួសារ គឺមិនអាចធ្វើអោយជីវភាពក្រុមគ្រួសាររបស់លោកស្រីមានភាពល្អប្រសើរនោះទេ។ ដូច្នេះលោកស្រីនៅតែតស៊ូ រហូតបានបញ្ចប់ការសិក្សា និងទទួលបានឱកាសការងារដែលល្អ។

ខណៈពេលដែលលោកស្រីបានផ្លាស់ប្ដូរជីវភាពក្រុមគ្រួសាររបស់លោកស្រីតាមរយៈការសិក្សា លោកស្រី ឡៃសេង ផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយត្រូវចេះចាប់យកឱកាស ពិព្រោះបច្ចុប្បន្ននេះមានអង្គការជាច្រើនទៀតដែលជួយកុមារនៅក្នុងការសិក្សា ប្រសិនបើមានអ្នកជួយទំនុកបម្រុង ត្រូវខិតខំរៀនសូត្រដើម្បីអនាគតរបស់ខ្លួន។ ជាពិសេសត្រូវមើលមនុស្សជុំវិញខ្លួន និងបុគ្គលជោគជ័យ ដើម្បីមើលការតស៊ូរបស់ពួកគេ និងយកបទពិសោធទាំងនោះដើម្បីអភិវឌ្ឍន៍ខ្លួន។ បន្ថែមពីនេះទៀត មនុស្សម្នាក់ៗមិនមែនកើតស្រួលនោះទេ សូម្បីតែអ្នកដែលកើតមកក្នុងគ្រួសារដែលមានជីវភាពល្អប្រសើរក៏មានការលំបាករបស់គេដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង