Yearendyearend1140x150

អាជ្ញាធរជាតិព្រះវិហាររៀបចំសន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារនិងកោះកេរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងខួប១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC Preah Vihear) អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នាថ្ងៃទី២០ មីនា នៅខេត្តសៀមរាប។

សន្និសីទអន្តរជាតិពិសេសនេះមានគោលដៅបូកសរុបលទ្ធផល នៃការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល ១០ឆ្នាំ ក្រោមយន្តការរបស់គណៈកម្មការអន្តរជាតិ ICC Preah Vihear។ ការងារសំខាន់ៗមួយចំនួនដែលអាជ្ញាធរជាតិព្រះវិហារសម្រេចបានកន្លងមកមានដូចជា ការកំណត់ផែនទីហានិភ័យ នៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ទល់ទ្រតាមកន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង ៣០កន្លែង, ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤, ការស្ដារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិច និងខាងកើតឡើងវិញ, ការសាងសង់ជណ្ដើរឈើឡើងប្រាសាទខាងកើត និងការបណ្ដុះបណ្ដាលយុវជនឲ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ។

ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌ ICC Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រ និងការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក បាននិងកំពុងផ្ដល់ថវិកាជួយជួសជុល និងអភិរក្សជណ្ដើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨ រហូតមក, ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី៥, ប្រទេសចិននឹងចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី១ ទី២ និងទី៣, ប្រទេសប៊ែលហ្សិក បានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះវិហារ, និងប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋានព្រះវិហារ។ ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំនៅកោះកេរ ព្រមទាំងសាកលវិទ្យាល័យ Waseda និងសាកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សាស្រាវជ្រាវទីតាំងឡបុរាណ និងប្រព័ន្ធធារាសាស្រ្តនៅតំបន់កោះកេរ។

ស្របពេលនឹងសន្និសីទនេះ អាជ្ញាធរជាតិព្រះវិហារបានរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល ១៥ឆ្នាំ ដែលបង្ហាញអំពីលទ្ធផល នៃការអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ផងដែរ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង