
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១៧ មីនា ទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។
ពានរង្វាន់ «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន៤៧,៥១៥នាក់ ទទួលបាន៥៤,៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង២០០នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។
គួរបញ្ជាក់ថា នេះជាលើកទី១ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី ក្នុងនោះមានប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ៕
