ភ្នំពេញ៖ លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A នៅឆ្នាំ២០១៨ បានចាប់ផ្តើមផលិតមាតិកាតាំងពីឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ផលិតបានជាង ១០០ វីដេអូ ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងនឹងការសិក្សា និងដំណើរជីវិតរបស់ខ្លួន។ បច្ចុប្បន្ន លោកកំពុងតែបន្តការសិក្សា ធ្វើការផង និងឆ្លៀតពេលបង្កើតវីដេអូផងដែរ មិនថារវល់យ៉ាងណាក៏ដោយ ក៏លោកនៅតែឆ្លៀតពេលក្នុងការបង្កើតវីដេអូបន្តទៀតដើម្បីយុវជនកម្ពុជា។
ក្រោយបានប្រលងជាប់បាក់ឌុប លោក សុភ័ក ទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យពីរដែលបច្ចុប្បន្ននេះលោកបានបញ្ចប់ការសិក្សាជំនាញពាណិជ្ជកម្មអន្តរជាតិ និងកំពុងតែបន្តការសិក្សាជំនាញអក្សរសាស្រ្តអង់គ្លេស។ ថ្វីត្បិតតែលោកសិក្សានៅសាកលវិទ្យាល័យពីរពិតមែន តែលោកបានចំណាយពេលទំនេរពីការសិក្សាធ្វើការងារក្រៅបន្ថែម និងចំណាយពេលបង្កើតជាមាតិកាអប់រំសម្រាប់យុវជនផងដែរមិនថារវល់យ៉ាងណាក៏ដោយ។
លោក សុភ័ក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានចាប់ផ្តើមបង្កើតវីដេអូដំបូងនៅពាក់កណ្តាលឆ្នាំ២០២១ ។ ប្រធានបទដែលលោកលើកយកមកនិយាយចែករំលែកភាគច្រើនគឺទាក់ទងនឹងការអប់រំ និងការជម្រុញទឹកចិត្តយុវជន។ កត្តាដែលលោកបានជ្រើសរើសបង្កើតមាតិកាអប់រំ ពីព្រោះលោកឃើញថាវាត្រូវនឹងចរិកលក្ខណៈរបស់ខ្លួនដែលជាសិស្សចូលចិត្តការសិក្សាស្រាប់។
វីដេអូដំបូងដែលមានគេស្គាល់ច្រើនបំផុត គឺវីដេអូដែលលោកនិយាយអំពី ការប្រុងប្រយ័ត្នពេលមករៀនភ្នំពេញដំបូងប្រយ័ត្នគេបោក។ វីដេអូរបស់លោកមានលក្ខណៈពិសេសត្រង់ថា លោកចែករំលែកដោយពឹងផ្អែក និងផ្សារភ្ជាប់ពីអ្វីដែលលោកឆ្លងកាត់ស្រាប់ដោយចៀសវាងការស្រាវជ្រាវតែមួយមុខ ។
នៅពេលចាប់ផ្តើមដំបូង លោកក៏មានអារម្មណ៍ភ័យខ្លាច តែក្រោយមកលោកបានកែប្រែជាច្រើន ដោយសារតែចាប់ផ្តើមបំបាត់ភាពភ័យខ្លាចរបស់ខ្លួនឯងបានច្រើន។ លើសពីនេះ បញ្ហាប្រឈមទី២ សម្រាប់លោក គឺការកាត់តវីដេអូ ដោយសារតែលោកមិនធ្លាប់មានជំនាញពាក់ព័ន្ធនឹងការកាត់តនៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបោះបង់វាចោលដោយសារតែភាពមិនទាន់ចេះស្ទាត់ទេ បែរជាលោកគិតថាវាជាឱកាសដែលលោកអាចរៀនសូត្របន្តទៀត ដើម្បីអាចអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តានេះហើយដែលធ្វើឱ្យលោកបានជោគជ័យ និងអភិវឌ្ឍសមត្ថភាពរបស់លោកតាំងពីមិនចេះសោះ រហូតដល់អាចចេះកាត់តបានជាច្រើនវីដេអូមកដល់ពេលនេះ។
ក្រោយលោកបង្កើតវិដេអូបានរយៈពេលប៉ុន្មានឆ្នាំមកនេះ លោកបានអភិវឌ្ឍសមត្ថភាពខ្លួនឯងជាច្រើនទាំងការនិយាយ និងការកាត់បន្ថយភាពអៀនខ្មាសរបស់ខ្លួន។ ការបង្កើតមាតិកាបានផ្លាស់ប្តូរផ្នត់គំនិតរបស់លោកថាគ្មានអ្វីដែលយើងធ្វើមិនបានដរាបណាយើងមានការតាំងចិត្ត ។
ដូចនេះ លោកក៏បានផ្តល់ជាការលើកទឹកចិត្តសម្រាប់អ្នកដែលមានបំណងក្នុងការបង្កើតវីដេអូ កុំឱ្យមានភាពភ័យខ្លាច ប្រសិនបើចង់ធ្វើវា សូមចាប់ផ្តើមនៅពេលនេះ ប្រសិនបើយើងមានបំណងក្នុងការធ្វើវា ប៉ុន្តែយើងមិនបានចាប់ផ្តើម នោះវានឹងមិនអាចកើតឡើងបានឡើយ។
លោកនៅតែបន្តឆន្ទៈក្នុងការបង្កើតវីដេអូអប់រំទៅកាន់យុវជនដទៃទៀត ព្រោះលោកធ្លាប់បានឆ្លងកាត់និងបានដឹងពីភាពលំបាកនៃការដែលមិនបានដឹងព័ត៌មានពីឱកាសផ្សេងៗ ឬ ការជម្រុញទឹកចិត្ត។ លោកនៅតែបន្តធ្វើវាដោយសារតែលោកពេញចិត្តនឹងការធ្វើវា៕