Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្សោតឈ្មោល០១ក្បាលបានស្លាប់នៅខេត្តស្ទឹងត្រែងដោយឧបករណ៍នេសាទមង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ស្ទឹងត្រែង៖ សត្វផ្សោតឈ្មោល០១ក្បាល បានស្លាប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ នៃខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ មីនា វេលាម៉ោង៦:៣០នាទី។ តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតនេះស្លាប់ដោយឧបករណ៍នេសាទ មង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង។

បើតាមក្រសួងកសិកម្ម សត្វផ្សោតឈ្មោល០១ក្បាល បានស្លាប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការពិនិត្យ និងវាយតម្លៃដោយមន្ដ្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតស្លាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់១៦០គីឡូក្រាម ប្រវែង២,៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ ដែលស្លាប់ដោយឧបករណ៍នេសាទ មង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង គឺជាសត្វផ្សោតទី០១ ដែលស្លាប់ក្នុងឆ្នាំ២០២៣ នេះ។

ទន្ទឹមនិងនេះ រដ្ឋបាលជលផលបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រមទាំងស្វែងរកដៃគូសហការផ្សេងទៀត ដើម្បីពង្រឹងការការពារឱ្យបានម៉ឹងម៉ាត់ថែមទៀត ដោយជ្រើសរើសឆ្នាំទន្លេបន្ថែម និងប្រមូលផ្តុំកម្លាំងយាមល្បាតជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត និងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យ ពីជម្រើសមុខរបរផ្សេងៗ។

គួរបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ គឺជារតនៈសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ បច្ចុប្បន្ន សត្វផ្សោតរងការគំរាមកំហែង ដោយឧបករណ៍នេសាទ មង សន្ទូចរនង និងឧបករណ៍ឆក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង