
ភ្នំពេញ៖ ក្រសួងការងារ នាថ្ងៃទី១៧ មីនា ស្អែកនេះ នឹងរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំនៅបុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់កម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់កម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃទី១៧ មីនា ដោយមានរោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។
បន្ថែមលើនេះ ភ្នាក់ងារជាតិមុខរបរ និងការងារ នឹងរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានដែលបងប្អូនកម្មករ កម្មការិនីកំពុងរស់នៅដើម្បីកៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបានការងារថ្មីតាមរយៈព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់កម្មករ កម្មការិនី ឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ៕
