រតនគិរី៖ យុវតីជនជាតិចារ៉ាយ រចំ បុប្ផា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសោមធំ ខេត្តរតនគិរី។ បច្ចុប្បន្នយុវតីរូបនេះបានចំណាយពេលពេលវេលាផ្ទាល់ខ្លួន បន្ទាប់ពីការសិក្សា ក្នុងការបង្រៀនភាសាអង់គ្លេសដល់កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីជួយអោយពួកគេមានចំណេះដឹងផ្នែកភាសាដទៃ ក្រៅពីភាសារបស់ខ្លួន ដោយសារតែបច្ចុប្បន្ន និងនាថ្ងៃអនាគតការប្រើប្រាស់ភាសាគឺសំខាន់នៅក្នុងការទំនាក់ទំនង និងការធ្វើការងារជាពិសេសគឺភាសាអង់គ្លេស។
បុប្ផា បានឱ្យដឹងថា ខ្លួនបានចំណាយពេលវេលាមួយម៉ោងជារៀងរាល់ថ្ងៃ ក្នុងការបង្រៀនភាសាអង់គ្លេសដល់ជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់ខ្លួន។ ហើយការចំណាយពេលបន្ទាប់ពីការសិក្សាមួយម៉ោង ពោលគឺចាប់ពីម៉ោង ៦-៧យប់ ក្នុងការបង្រៀនភាសាអង់គ្លេសដល់កុមារនិងយុវជននៅក្នុងសហគមន៍ បានបង្កផលប៉ះពាល់មួយចំនួនដល់ បុប្ផា ប៉ុន្ដែ បុប្ផា នៅតែបន្ដធ្វើវាព្រោះវាជាកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋម្នាក់ដែលអាចជួយកុមារនិងយុវជននៅក្នុងសហគមន៍បាន។ ផលប៉ះពាល់ទាំងនោះមិនមែនជាផលវិបាកសម្រាប់ បុប្ផា នោះទេ ពីព្រោះ បុប្ផា សប្បាយចិត្តនូវក្នុងការបង្រៀនបែបនេះ។
យុវតី បុប្ផា បានប្រាប់ស៊ីស៊ីថាមស៍ថា ការសម្រេចចិត្តបង្រៀនភាសាអង់គ្លេសដល់ពួកគេ ព្រោះខ្លួនមានទស្សន:វិស័យមួយគឺ«ចង់ឱ្យកុមារនិងយុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍ទទួលបាននូវចំណេះដឹងផ្នែកភាសាដទៃក្រៅពីភាសារបស់ខ្លួន»។ ម្យ៉ាងវិញទៀត នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតការប្រើប្រាស់ភាសាគឺសំខាន់នៅក្នុងបរិបទសង្គមជាពិសេសគឺភាសាអង់គ្លេស។ ដូចច្នេះហើយបានជា បុប្ផា ខិតខំប្រឹងប្រែងបង្ហាត់បង្រៀនភាសាអង់គ្លេសដល់ពួកគេ។ ជាពិសេសនោះ ដោយសារតែពួកគេគឺជាជនជាតិដើមភាគតិច ហើយ បុប្ផា មានបំណងពង្រឹងសម្ថភាពរបស់ពួកគេនៅក្នុងវិស័យអប់រំផងដែរ។ លើសពីនេះ បុប្ផា ដែលជាតំណាងជនជាតិដើមភាគតិចមួយរូប ចង់ឱ្យកុមារនិងយុវជនជនជាតិដើមភាគតិចមានចំណេះដឹងទំលំទូលាយដូចជាសាសន៍ដទៃទៀត មានចំណេះដឹងផ្នែកភាសា និងមានភាពលេចធ្លោនៅក្នុងសង្គម។
យុវតីជនជាតិចារ៉ាយរូបនេះបានបន្ដថា កត្តាដែលជម្រុញខ្លួនឱ្យមានភាពក្លាហានក្នុងការបង្រៀនពួកគេ ទាំងដែលមានវ័យត្រឹមតែ១៨ឆ្នាំ ពីព្រោះខ្លួនមានមនសិការខ្ពស់ គឺចង់ឃើញកុមារក្នុងសហគមន៍ជនជាតិដើមភាគតិចចេះអក្សរហើយវាក៏ជាផ្នែកមួយដែលនាងខ្ញុំអាចធ្វើឱ្យពួកគេស្រលាញ់ការអប់រំផងដែរ។ កត្តាដែលសំខាន់ជាងនេះគឺ បុប្ផា ចង់ឱ្យមនុស្សជុំវិញពិភពលោកដឹងថា ជនជាតិដើមភាគតិចក៏អាចធ្វើបានដូចជនទូទៅដែរ។
យុវតីវ័យ១៨ឆ្នាំរូបនេះ បានបន្ដទៀតថា ខ្លួនមិនទទួលបានផលប្រយោជន៍អ្វីពីការបង្រៀននេះទេ ប៉ុន្ដែមានផ្ដល់ផលចំណេញដល់សហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួន ដែលមានកុមារនិងយុវជនមានឱកាសបានទទួលការអប់រំបន្ថែមបន្ទាប់ពីការសិក្សានៅក្នុងសាលារដ្ឋ។ ការបង្រៀននេះ បានផ្ដល់នូវគុណសម្បតិ្ដដល់ខ្លួន ដែលទទួលបានបទពិសោធន៍ថ្មី ហើយវាធ្វើឱ្យមានមោទនភាពចំពោះខ្លួនឯង ដែលជាគំរូល្អមួយរូប និងមានចាស់ៗគោរពស្រលាញ់និងកោតសរសើរ ដែលមានគំនិតចង់ជួយដល់សហគមន៍របស់ខ្លួន។
យុវតី បុប្ផា បានឱ្យដឹងទៀតថា នាថ្ងៃអនាគតខ្លួននឹងជួយអភិវឌ្ឍភូមិ សមាគមជនជាតិដើមភាគតិច ក៏ដូចជាជួយពង្រឹងផ្នែកអប់រំឱ្យកាន់តែខ្ពស់ហើយនិងជួយជម្រុញឱ្យពួកគេស្រលាញ់ការរៀនសូត្រនិងជួយពត់លត់ដំពួកគេឱ្យកាន់តែរីកចម្រើនខាងខាងវិស័យអប់រំ ពីព្រោះមានតែការអប់រំទេដែលអាចជួយធ្វើឱ្យពួកគេអាចគេចផុតពីក្ដីលំបាក។
គួរបញ្ជាក់ថា យុវតី រចំ បុប្ផា មានអាយុ១៨ឆ្នាំ ជាជនជាតិចារ៉ាយ និងជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសោមធំ។ យុវតីរូបនេះមានទីកន្លែកំណើតនៅ ភូមិទុង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រចំ បុប្ផា ធំដឹងក្ដីមកនៅក្នុងបរិបទមួយដែលប្រើប្រាស់តែភាសាចារ៉ាយប៉ុណ្ណោះ ដោយឡែក បុប្ផា បានចេះភាសាខ្មែរគឺដោយសារតែការចូលសាលារៀន។ ការប្រើប្រាស់ភាសានៅក្នុងការទំនាក់ទំនង ក៏ដូចជារស់នៅប្រចាំថ្ងៃ បុប្ផា អាចប្រើប្រាស់បាន៣ភាសា ដូចជា ភាសាដើម(ចារ៉ាយ) ភាសារខ្មែរ និងភាសាអង់គ្លេស៕