ភ្នំពេញ៖ ផលិតកម្ម K’ve Entertainment កំពុងត្រៀមរៀបចំកម្មវិធី «Click The Star» នៅកម្ពុជា ដើម្បីជួយយុវតីដែលមានក្ដីស្រម៉ៃចង់ក្លាយជាក្រុមតារាចម្រៀងបែប K-pop។ ក្នុងនោះដែរ K’ve Entertainment បានត្រៀមរួចជាស្រេចក្នុងការហ្វឹកកហាត់យុវតីកម្ពុជាឲ្យមានសមត្ថភាពដើម្បីឆ្ពោះទៅប្រកួតវគ្គជម្រុះនៅឯប្រទេសកូរ៉េ។
កម្មវិធី «Click The Star» គឺជាកម្មវិធី Worldwide K-POP Girl Group Project ដែលបើកទទួលយុវតីដែលមានក្ដីស្រមៃចង់ក្លាយជាក្រុមតារាចម្រៀងបែប K-pop ពីបណ្ដាប្រទេសចំនួន៣២ ដែលក្នុងនោះកម្ពុជា គឺជាប្រទេសទី៤ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកម្មវិធីមួយនេះ ជាមួយក្រុមហ៊ុន World K-pop Headquarter ។
ផលិតកម្ម K’ve Entertainment ដែលជាអ្នកគ្រប់គ្រងនិងជាអ្នករៀបចំ World K-pop Center Cambodia នឹងហ្វឹកហាត់យុវតីកម្ពុជាឲ្យមានសមត្ថភាពដើម្បីឆ្ពោះទៅប្រកួតវគ្គជម្រុះនៅឯប្រទេសកូរ៉េ ហើយផលិតកម្មនឹងផ្តល់ជូននូវកម្មវិធីជាច្រើនដូចជា ប្រព័ន្ធហ្វឹកហាត់ ដែលមាននូវប្រព័ន្ធហ្វឹកហាត់ K-POP សម្រាប់អ្នកដែលចង់មានបទពិសោធន៍ក្នុងការរៀនប្រព័ន្ធ Kpop traning និងអ្នកដែលចង់ក្លាយជាតារា Kpop
បន្ថែមពីនេះ ផលិតកម្ម K’ve Entertainment នឹងរៀបចំកម្មវិធី «Click the star» (Global Audition) នៅកម្ពុជា ហើយជ្រើសរើសបេក្ខនារីចំនួន ២០នាក់ ដែលមានទេពកោសល្យ ហើយបញ្ជូនទៅប្រទេសកូរ៉េសម្រាប់វគ្គជម្រុះ Global Idol។ ជាពិសេស ផលិតកម្មនឹងផ្តល់ជូនវិញ្ញាបនបត្រពី World K-POP Center Headquarter & Cambodia សម្រាប់អ្នកចង់ក្លាយជាអ្នកបង្ហាត់ Kpop trainer។
គួរបញ្ជាក់ថា ក្រុមហ៊ុន World K-pop Headquarter) ជាអ្នកបង្កើតកម្មវិធីល្បីៗជាច្រើននៅក្នុងប្រទេសកូរ៉េ។ ក្នុងនោះកម្មវិធីដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា កម្មវិធី Produce 101 ក៏ត្រូវបានបង្កើតដោយក្រុមហ៊ុន World K-pop Headquarter ដែរ៕