Yearendyearend1140x150
Img 0571

មន្ត្រីអាជ្ញាធរជាតិអប្សរាចូលរួមវគ្គបណ្តុះបណ្តាលពីការប្រើម៉ាស៊ីនស្កែនមុនកំណាយនៅតំបន់អង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥មីនានេះ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។

លោក Hyundok Oh ជាភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅ វិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ (NRICH) មានប្រសាសន៍ថា ជាទូទៅបុរាណវិទូតែងតែប្រើប្រាស់វិធីធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុ ឬ រចនាសម្ពន្ធសំណង់ដែលនៅក្រោមដី។ 

លោក Hyundok Oh បញ្ជាក់ថា ការធ្វើកំណាយបែបនេះ ទាមទារនូវកម្លាំងពលកម្ម ពេលវេលា និងការចំណាយថវិកាច្រើន។ ប៉ុន្តែដោយសារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន គេបានប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីស្កេនរកមើលបុរាណវត្ថុដែលមាននៅក្រោមដីដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវ ដោយវាចំណេញទាំងពេលវេលា ទាំងកម្លាំងពលកម្ម និងថវិកាទៀតផង។

លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្តោតទៅលើការសិក្សាទាំងទ្រឹស្តី ទាំងការអនុវត្តប្រើប្រាស់ម៉ាស៊ីន GPR និងបានសិក្សាពីរបៀបប្រើប្រាស់កម្មវិធីម៉ាស៊ីន GPR តភ្ជាប់ទៅនឹងកម្មវិធីក្នុងប្រព័ន្ធកុំព្យូទ័រ។ ម៉ាស៊ីន GPR សម្រាប់ស្កេនរក មើលវត្ថុនៅក្រោមដីនេះប្រៀបដូចទៅនឹងម៉ាស៊ីន X-RAY សម្រាប់ស្កេនលើដងខ្លួនមនុស្សដែរ។ ម៉ាស៊ីន GPR ត្រូវភ្ជាប់ខ្សែ ទៅនឹងកុំព្យូទ័រដើម្បីធ្វើការបង្ហាញនូវទិន្នន័យសម្រាប់ធ្វើការវិភាគ ប៉ុន្តែទោះបីយ៉ាងណាក៏ម៉ាស៊ីន GPR មិនបានបង្ហាញភាព ត្រឹមត្រូវ និងច្បាស់លាស់ដូចទៅនឹងការធ្វើកំណាយដោយដៃផ្ទាល់នោះទេ។

លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ដែលបាន ចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះនឹងទទួលបានចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងការប្រើប្រាស់ម៉ាស៊ីន GPR នេះ ហើយនឹងយកចំណេះដឹងនេះទៅប្រើប្រាស់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវនៅកន្លែងបុរាណដ្ឋានផ្សេងៗទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង