Cctimesw1140xh150cm copy

កញ្ញា លីហ្សា នៅតែទទួលបានលទ្ធផលល្អក្នុងការសិក្សា ទោះបីរៀនពីរសាកល និងចូលរួមការងារសង្គម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កាលពីនៅថ្នាក់ទី១០ កញ្ញាឡុង សុគន្ធលីហ្សា ចាប់ផ្តើមចូលរួមកម្មវិធីសិក្ខាលាជាមួយឪពុក បានបណ្តុះគំនិតចូលរួមកម្មវិធីក្រៅសាលាកាន់តែច្រើន។ បច្ចុប្បន្នកញ្ញា ជានិស្សិតដែលកំពុងបន្តការសិក្សាក្នុងសាកលវិទ្យាល័យពីរ គឺ សាកលវិទ្យាល័យធនធានមនុស្ស និងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងបានចូលរួមកម្មវិធីក្រៅជាច្រើនក្នុងពេលតែមួយតែនៅបានលទ្ធផលសិក្សាល្អជាទីគាប់ចិត្ត។

កញ្ញា សុគន្ធលីហ្សា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាធ្លាប់ចូលរួមសិក្ខាសាលាតាំងពីរៀននៅវិទ្យាល័យនៅថ្នាក់ទី១០ មកម្ល៉េះ។ កម្មវិធីដំបូងដែលកញ្ញាធ្លាប់បានចូលរួមគឺ កម្មវិធីបែបសិក្ខាសាលា ដែលមានវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍នៅពីក្រោយភាពជោគជ័យដូចជា លោកគ្រូ នួន អក និងលោកស្រីសូរីតាជាដើម។

កញ្ញាបានចូលរួមកម្មវិធីដំបូងនេះជាមួយនឹងឪពុករបស់ខ្លួន ដោយសារតែឪពុករបស់នាងបានយល់ឃើញថាការចូលរួមកម្មវិធីក្រៅសាលានឹងធ្វើឱ្យកូនស្រីម្នាក់នេះទទួលបានចំណេះដឹងច្រើនលើសពីក្នុងសាលា ដោយអាចរៀនស្តាប់ពីបទពិសោធន៍អ្នកដែលជោគជ័យ និងរបៀបក្នុងការនិយាយដើម្បីឱ្យក្មេងស្រីម្នាក់នេះអាចអភិវឌ្ឍការនិយាយស្តីរបស់ខ្លួនបានកាន់តែច្រើន។

បន្ទាប់ពីត្រឡប់មកពីកម្មវិធីឪពុករបស់នាងតែងតែបណ្តុះឱ្យនាងនិយាយពីអ្វីដែលនាងបានស្តាប់ពីកម្មវិធីទាំងនោះ ដែលធ្វើឱ្យនាងកាន់តែមានការចងចាំ និងអភិវឌ្ឍសមត្ថភាពក្នុងការនិយាយផងដែរ។

កញ្ញា លីហ្សា ពេលចែករំលែកបទពិសោធន៍

ជានិស្សិតម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ កញ្ញាត្រូវចំណាយពេលយ៉ាងតិច ៦ ម៉ោងក្នុងមួយថ្ងៃដើម្បីរៀននៅក្នុងថ្នាក់ តែវាមិនមែនជាឧបសគ្គសម្រាប់យុវតីរូបនេះចូលរួមកម្មវិធីផ្សេងៗនោះទេ។ ថ្វីត្បិតតែចូលរួមកម្មវិធីផ្សេងៗក្នុងពេលតែមួយ កញ្ញានៅតែទទួលបានលទ្ធផលល្អក្នុងការសិក្សា ដោយសារតែកញ្ញាមានតិចនិចនៅក្នុងការរៀនបែបវ័យឆ្លាតរបស់ខ្លួន។

លីហ្សា និងសិស្សប្អូនដែលនាងបានចែករំលែកបទពិសោធន៍

កញ្ញា លីហ្សា បានបន្តទៀតថា ក្រោយបានចូលរួមកម្មវិធីក្រៅសាលាជាច្រើន កញ្ញាបានផ្លាស់ប្តូរផ្នត់គំនិតជាច្រើន បង្កើនទំនាក់ទំនងជាមួយមនុស្សថ្មីៗ និងបង្កើនជំនាញទន់ ជំនាញរឹងផ្សេងៗជាច្រើន។

កញ្ញាបានបន្តទៀតថា កញ្ញាធ្លាប់ជាក្មេងស្រីម្នាក់ដែលភ័យខ្លាច មិនហ៊ានចាប់យកឱកាសផ្សេងៗនោះឡើយ ដោយសារតែគិតថាខ្លួនមិនមានបទពិសោធន៍ តែក្រោយចូលរួមកម្មវិធីជាច្រើនធ្វើឱ្យផ្លាស់ប្តូរផ្នត់គំនិតមួយនេះ ហើយបណ្តាលឱ្យមានភាពក្លាហានក្នុងការចូលរួមកម្មវិធីផ្សេងៗកាន់តែច្រើនទៀត។

យុវតីលីហ្សា និងអ្នកស្ម័គ្រចិត្តដែលនាងធ្វើការជាមួយ

បន្ថែមពីនេះ កញ្ញាបាននិយាយថា ទំនាក់ទំនងដែលមាននៅក្នុងថ្នាក់រៀនគឺមានតែ ១៥% តែប៉ុណ្ណោះ ប៉ុន្តែ ៨៥% ទៀតគឺជាទំនាក់ទំនងដែលកញ្ញាបានពីការចូលរួមការងារក្រៅសាលា ព្រោះប្រសិនបើកញ្ញារៀនតែនៅក្នុងថ្នាក់ កញ្ញាបានស្គាល់ត្រឹមតែគ្រូ និងមិត្តរួមថ្នាក់តែប៉ុណ្ណោះ តែពេលកញ្ញាចូលរួមកម្មវិធីក្រៅសាលា កញ្ញាបានស្គាល់មនុស្សដែលពូកែៗជាច្រើនដែលកញ្ញាអាចរៀនសូត្រពីគេ។

លីហ្សាកំឡុងពេលចូលរួមរៀបចំកម្មវិធី

បើតាមកញ្ញា លីហ្សាបានឱ្យដឹងថា កញ្ញានៅតែបន្តការចូលរួមកម្មវិធីផ្សេងៗជាបន្តបន្ទាប់ មិនថាជាកម្មវិធីសិក្ខាសាលា កម្មវិធីស្ម័គ្រចិត្ត កម្មវិធីប្រកួតប្រជែង ឬ កម្មវិធីហ្វឹកហាត់ជាដើម។ ឆ្លៀតពេលទំនេរពីការសិក្សា កញ្ញាធ្លាប់បានចូលរួមកម្មវិធីស្ម័គ្រចិត្តជាច្រើនដូចជា Rotha Leadership, CSDA , Khemra Debate គម្រោងក្រោម UNICEF និងផ្សេងៗជាច្រើនទៀត។

លីហ្សាចូលរួមការងារសង្គម

ជាចុងក្រោយ កញ្ញាលើកទឹកចិត្តឱ្យយុវជនចូលរួមកម្មវិធីក្រៅសាលាឱ្យបានច្រើន មិនថាជាការងារស្ម័គ្រចិត្ត ឬ កម្មវិធីហ្វឹកហាត់ សិក្ខាសាលានោះឡើយ ព្រោះវានឹងផ្តល់នូវបទពិសោធន៍ល្អៗជាច្រើន និងអភិវឌ្ឍសមត្ថភាពបានច្រើនលើសពីអ្វីដែលបានរៀននៅក្នុងសាលាតែមួយមុខ។

លីហ្សាចូលរួមកម្មវិធីសំណេះសំណាលជាមួយនឹងសម្តេច

គួរបញ្ជាក់ផងដែរថា យុវតី លីហ្សា ជាអតីតសិស្សនិទ្ទេស A នៃការប្រលងបាក់ឌុប ហើយបច្ចុប្បន្នក៏ជាអ្នកបង្កើតមាតិកាអប់រំម្នាក់ក្នុងបណ្តាញសង្គមដែលទទួលបានការគាំទ្រច្រើនពីសំណាក់យុវជនកម្ពុជាផងដែរ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង