ភ្នំពេញ៖ ក្រសួងកសិកម្ម នឹងធ្វើជំរឿនកសិកម្មចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៣ ដើម្បីប្រមូលនូវទិន្នន័យស្ដីពីស្ថានភាពកសិកម្មគ្រប់ប្រភេទនៅកម្ពុជា។
នៅឆ្នាំ២០២៣នេះ ការធ្វើជំរឿនកសិកម្ម នឹងចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី៣០ខែមេសា។ ការធ្វើជំរឿនកសិកម្ម គឺដឹកនាំដោយក្រសួងផែនការដោយមានការសហការជាមួយក្រសួងកសិកម្មពិនិត្យព័ត៌មានទិន្នន័យកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលើថវិកា ព្រមទាំងមានការគាំទ្របច្ចេកទេសធ្វើជំរឿននិងថវិកាដោយអង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិ (FAO)៕
បើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា ក្រសួងកសិកម្មនឹងសហការផ្តល់បញ្ជីអង្គភាពកសិកម្ម ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យនៃជំរឿនកសិកម្មនេះ។ លើសពីនេះទៀត ឯកឧត្តម ក៏បានលើកទឹកចិត្តនិងណែនាំក្រុមការងារជំរឿនកសិកម្មរបស់ក្រសួងកសិកម្មឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ ហើយត្រូវម្ចាស់ការនិងច្បាស់លាស់ ដោយមិនត្រូវគិតថាគ្រាន់តែជាការជួយ តែជាអ្នកប្រើប្រាស់ទិន្នន័យ និងធានាថាទិន្នន័យសុក្រិតត្រឹមត្រូវ។
គួរបញ្ជាក់ថា ការធ្វើជំរឿននៅកម្ពុជាមាន៣ គឺការធ្វើជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច និងជំរឿនប្រជាជន។ ការធ្វើជំរឿនកសិកម្មគឺធ្វើរៀងរាល់១០ឆ្នាំម្ដង ដែលបានចាប់ផ្តើមធ្វើកាលពីឆ្នាំ២០១៣កន្លងទៅ ហើយក៏មានការធ្វើអង្កេតកសិកម្មរាល់៥ឆ្នាំម្ដង និងអង្កេតប្រចាំឆ្នាំផងដែរ៕