Yearendyearend1140x150

មន្ត្រីអន្តោប្រវេសន៍ថៃឃុបឃិតជាមួយជនជាតិចិនចេញទិដ្ឋាការសម្រួលសកម្មភាពខុសច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ថៃ៖ ប៉ូលីសថៃបានពង្រីកការស៊ើបអង្កេតទៅលើឧស្សាហកម្មពណ៌ប្រផេះរបស់ប្រទេសចិន នាពេលថ្មីៗនេះបានបញ្ជូនឯកសារចំនួន ១៣៩០០០ ទំព័រទៅកាន់គណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ (NACC) ពាក់ព័ន្ធនឹងមន្ត្រីអន្តោប្រវេសន៍ចំនួន ១០៧ នាក់ ដែលជួយពលរដ្ឋចិននៅក្នុងឧស្សាហកម្មពណ៌ប្រផេះ ដើម្បីទទួលបានទិដ្ឋាការ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃបានបង្ហាញថា ក្រុមការងារស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថាបុគ្គលិកនៃឧស្សាហកម្មពណ៌ប្រផេះបានដាក់ពាក្យស្នើសុំទៅកាន់ការិយាល័យអន្តោប្រវេសន៍ ដើម្បីស្នើសុំបន្តទិដ្ឋាការតាមរយៈមូលនិធិសប្បុរសធម៌ និងសាលាភាសា ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម ឬស្ថាប័នទាំងនេះភាគច្រើនគឺជាសំបកទទេដោយគ្មានប្រតិបត្តិការ និងការបង្រៀនការជាក់ស្តែងទេ។

លោក Surachate Hakparn អគ្គស្នងការរងនគរបាលជាតិថៃ បានបញ្ជូនឯកសារស៊ើបអង្កេតរាប់សិបប្រអប់ ទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៩។ លោក Surachate បានលើកឡើងថា ក្រុមការងារស៊ើបអង្កេតបានសួរចម្លើយសាក្សីចំនួន ៤៤៦ នាក់ និងពិនិត្យឯកសារពាក់ព័ន្ធរបស់មន្ត្រីអន្តោប្រវេសន៍ចំនួន ១០៧ នាក់ដែលពាក់ព័ន្ធនឹងករណីនេះ។ អ្នកស៊ើបអង្កេតក៏បានដាក់ការចោទប្រកាន់បន្ថែមលើមន្ត្រី ៩នាក់ទៀត ពីបទទទួលប្រាក់ដោយខុសច្បាប់ ឬអត្ថប្រយោជន៍ផ្សេងទៀត។

លោក Surachate បានឲ្យដឹងថា គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយនឹងពិនិត្យឯកសារស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមមនុស្សដែលពាក់ព័ន្ធ។ លោក Surachate ក៏បានបង្ហាញថាអាជ្ញាធរកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយសង្ឃឹមថានឹងបង្រ្កាបមន្ត្រីដែលប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីជួយពលរដ្ឋចិនក្នុងសកម្មភាពខុសច្បាប់ ហើយសង្ឃឹមថាការស៊ើបអង្កេតនេះនឹងស្តារទំនុកចិត្តរបស់សាធារណជនមកលើប៉ូលីសឡើងវិញ។

លោកChuwit Kamolvisit អតីតសមាជិកសភាថៃ និងជាមហាសេដ្ឋីនៃវិស័យម៉ាស្សា និងងូតទឹក ធ្លាប់បានចោទប្រកាន់មេបញ្ជាការអន្តោប្រវេសន៍3នាក់នៅខេត្តខនកែន និងខេត្តឈៀងម៉ៃ ពីបទទទួលយកសំណូកពី ១០ម៉ឺន ទៅ ៣០ម៉ឺន បាតក្នុងមួយទិដ្ឋាការ ក្រោមហេតុផលនៃការអនុម័តទិដ្ឋាការមិនមែនជាជនអន្តោប្រវេសន៍ និងបានបែកឆ្លាយពាណិជ្ជករចិនជាច្រើននាក់ដែលចូលរួមក្នុងឧស្សាហកម្មពណ៌ប្រផេះនៅក្នុងប្រទេសថៃ ហេតុការណ៍ទាំងមូលបានលេចចេញជាបណ្តើរៗ។

យោងតាមលោក Chuwit បាននិយាយថា ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ប្រជាពលរដ្ឋចិនសរុបចំនួន ៣៣២៥ នាក់ ទទួលបានទិដ្ឋាការតាមរយៈបណ្តាញនេះ។ ដំណឹងនេះបានជំរុញឲ្យនគរបាលជាតិបង្កើតក្រុមការងារស៊ើបអង្កេតពិសេស។

ក្នុងចំណោមជនបរទេសដែលត្រូវបានគេសង្ស័យពីសកម្មភាពឧក្រិដ្ឋកម្មនោះ អ្នកដែលត្រូវបានចាប់អារម្មណ៏ជាងគេគឺ Chaiyanat “Tuhao” Kornchayanant ដែលជាពាណិជ្ជករជនជាតិចិន ដែលត្រូវបានចាប់ខ្លួន។ លោក Tuhao មានសញ្ជាតិថៃ គាត់និងមនុស្ស ៤០ នាក់ផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនទាក់ទងនឹងគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង