Yearendyearend1140x150

ក្រសួងអប់រំ៖អំណានជាធាតុដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា 

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី១១ មីនា បានរៀបចំទិវាជាតិអំណានលើកទី៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នៅក្នុងទិវាជាតិអំណាននេះឯកឧត្តម ហង់ជួន ណារ៉ុន អំណានជាធាតុដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានលក្ខណៈសម្បត្តិពេញលេញប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានថ្លែងថា អំណានជាធាតុដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានលក្ខណៈសម្បត្តិពេញលេញប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិកាស្នេហាជាតិ និងមនុស្សជាតិ។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

ទន្ទឹមនិងនោះលោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានលើកឡើងថា ទិវាជាតិអំណានឆ្នាំ២០២៣នេះ បានកំណត់ប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រែប្រួលយ៉ាងឆាប់រហ័សនៃវិស័យអប់រំ ស្របនឹងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិ និងសកលលោក។ ទស្សនទាននៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្ត ការសិក្សាប៉ុណ្ណោះទេ គឺបានធ្វើបរិវត្តកម្ម និងនវានុវត្តន៍វិស័យអប់រំ គ្រប់ផ្នែក ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរទិវាជាតិអំណាន ក្រសួងអប់រំ ក៏បានរៀបចំកម្មវិធីប្រកួតប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់ សម្តេចតេជោ ដោយមានការចូលរួមពីសិស្សានុសិស្សទូទាំងរាជធានីខេត្ត ដើម្បីបំផុសស្មារតី លើកកម្ពស់ការអាន និងស្មូតកំណាព្យក្នុងចំណោមសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងលើកកម្ពស់ការអភិរក្សអក្សរសាស្ត្រជាតិ ព្រមទាំងកម្មវិធីតាំងពិព័រណ៍សៀវភៅ ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង