ភ្នំពេញ៖ កុមារនិងយុវជនចំនួន ៥៧៦នាក់ កាលពីថ្ងៃទី០៤ មីនា កន្លងទៅ បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ នៅទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រ ស្ថិតនៅក្នុងភូមិព្រះធាតុ សង្កាត់រលួស។
ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រក៏បានបន្តធ្វើការយ៉ាង សស្រាក់សស្រាំជាមួយកុមារ និងយុវជនក្រីក្រ ដែលរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើង យេនឌ័រ និងពិការភាពជាដើម ។ ប្រកួតបាល់ទាត់កុមារានេះ បានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អ សម្រាប់សុខភាព និងចាប់យកឱកាសដើម្បីអភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈកម្មវិធីសិក្សាបាល់ទាត់ សង្គម និងការប្រកួតដោយយុត្តិធម៌។
លោក យិន សាមឌី ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានឱ្យដឹងថា អង្គការផ្កាយសមុទ្របានអញ្ជើញក្រុមបាល់ទាត់មកពីអង្គការ និងសាលារៀនដៃគូជាច្រើនឲ្យមកចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial នេះ ។ ក្រុមនៅរាជធានីភ្នំពេញ បានទទួលការហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រកម្មវិធីសិក្សាបាល់ទាត់សង្គមជាប្រចាំពីគ្រូបង្វឹករបស់អង្គការផ្កាយសមុទ្រ ហើយអង្គការផ្កាយសមុទ្រក៏កំពុងតែធ្វើការជាមួយនឹងក្រុមនៅតាមខេត្តផ្សេងៗកាន់តែច្រើន តាមដែលអាចធ្វើទៅបានផងដែរ។
ឆ្នាំ២០២៣នេះ អង្គការផ្កាយសមុទ្របានទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ចំនួន ៤៨ក្រុម មកពីខេត្តចំនួន៦ ដោយបែងចែកទៅតាមប្រភេទអាយុចំនួន ៣ប្រភេទដូចជា ក្រុមកុមារាអាយុក្រោម១៦ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុក្រោម១០ឆ្នាំជាដើម។ ក្រុមទាំងនេះនឹងប្រកួតចំនួន ១០៥លើក ដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហើយក្រុម ដែលឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទីប្រាំបួនហើយ ដែលអង្គការផ្កាយសមុទ្រ បានធ្វើការសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំ សេវា ថែទាំសុខភាព និងកីឡា៕