
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ មីនា នេះ នឹងអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។ ពិធីបុណ្យទន្លេលើកទី៧ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ មីនា នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។
ពិធីបុណ្យទន្លេ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ពិសេស ដើម្បីរួមចំណែកដល់ការជម្រុញ និងការអភិវឌ្ឍន៍តំបន់តាមដងទន្លេកម្ពុជាឲ្យក្លាយទៅជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។
បើតាមសារលិខិតសម្ដេច ហ៊ុន សែន រដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងគោលបំណងចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងចូលរួមគាំទ្រនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍ តាមដងទន្លេជាដើម។
ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានប្រាសាទ សំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជាខេត្តជម្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានី និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយ តំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។
គួរបញ្ជាក់ថា ក្រោយខកខានរយៈ២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងម្ដងទៀតនៅក្នុងខេត្តកំពងធំ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១០ មីនា ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ខណៈពិធីបុណ្យទន្លេ លើកចុងក្រោយ ធ្វើឡើងនាថ្ងៃទី១៣-១៥ មីនា ឆ្នាំ២០២០ ក្នុងខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
កម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេលើកទី១ នៅទីរួមខេត្តក្រចេះ លើកទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៣នៅខេត្តស្ទឹងត្រែង លើកទី៤នៅខេត្តកណ្តាល លើកទី៥នៅខេត្តកំពង់ឆ្នាំង លើកទី៦ នៅខេត្តបាត់ដំបង និងពិធីបុណ្យទន្លេលើកទី៧ ត្រូវរៀបចំនៅខេត្តកំពង់ធំ៕