
សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើន នៅវេលាព្រឹកព្រលឹមស្រាងៗ បានទៅអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត។
កញ្ញា យាន ដានី អាយុ២៩ឆ្នាំ ពលរដ្ឋម្នាក់រស់នៅភ្នំពេញ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមកដល់ខាងមុខប្រាសាទអង្គរ ដោយសារបានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ។ កញ្ញាបន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ ដែលខ្លួននិងមិត្តភក្ដិ បានចូលមកទស្សនាថ្ងៃរះនៅទីនេះ ដោយត្រូវក្រោកមករង់ចាំតាំងពីម៉ោង៥ព្រឹក។ កញ្ញា ដានី លើកឡើងថាពិតជាមិនខកបំណងដែលបានចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។
អ្នកស្រី Garency Fraken ជនជាតិអាមេរិក បានលើកឡើងថា ការមកទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាក្តីស្រម៉ៃជាយូរមកហើយ របស់អ្នកស្រីនិងគ្រួសារ ដែលប៉ងប្រាថ្នាមកកាន់ប្រាសាទអង្គរវត្ត។ អ្នកស្រីថា មកដល់កម្ពុជាថ្ងៃទី០៤ មីនា ភ្លាម គោលដៅដែលខ្លួន និងគ្រួសារមកទស្សនាមុនគេគឺប្រាសាទអង្គរវត្ត ហើយគោលដៅបន្តអ្នកស្រីគ្រោងនឹងចូលទស្សនាប្រាសាទបុរាណជាច្រើនទៀតក្នុងរមណីយដ្ឋានអង្គរ៕







