សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលឡើងវិញ កម្រាលថ្មភក់នៅជ្រុងនិរតីនៃជាន់លើបង្អស់នៃប្រាសាទប្រែរូបដែលរងការខួចខាត។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការរើកម្រាលថ្មភក់ដែលរំកិលញែកចេញពីទីតាំងដើមទាំងនោះ ដើម្បីសម្អាតនិងពង្រឹងស្រទាប់ថ្មបាយក្រៀមផ្នែកខាងក្រោម និងរៀបផ្គុំកម្រាលថ្មភក់ទៅតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអ តាមចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។
សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម «សិវលោក»ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕