Cctimesw1140xh150cm copy

លោកគ្រូ ម៉េងគាន់ ចំណាយថវិកានិងពេលផ្ទាល់ខ្លួន «បង្កើតក្លឹបបង្រៀនសិស្សជនបទ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ពុំ ម៉េងគាន់ ជាបុគ្គលិកនៅអង្គការបង្រៀនដើម្បីកម្ពុជា ដែលកំពុងបន្តបង្រៀនជីវៈវិទ្យា និងភាសាអង់គ្លេសដល់សិស្សថ្នាក់ទី៧ នៅ វិទ្យាល័យហ៊ុនសែនកោះធំ បានព្យាយាមចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនសម្រាប់ការបង្កើតក្លឹបសិក្សា ដើម្បីវិនិយោគទៅលើសិស្សឱ្យកាន់តែមានភាពស្វាត់ស្វាញក្នុងការរៀនសូត្រ។

លោកគ្រូ ពុំ ម៉េងគាន់ នៅថ្ងៃទទួលសញ្ញាបត្រ

លោក ពុំ ម៉េងគាន់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រង មុខជំនាញសេដ្ឋកិច្ចពាណិជ្ជសាស្រ្ត និងបានប្រឡូកវិស័យការងារតាំងពីលោកនៅជានិស្សិតមកម្ល៉េះនៅក្នុងវិស័យមួយចំនួនដូចជា វិស័យពាណិជ្ជកម្ម ធនាគារ និងវិស័យអប់រំ ។

ថ្វីត្បិតតែលោកបានប្រឡូកនៅក្នុងវិស័យច្រើនក៏ពិតមែន ក៏ប៉ុន្តែចុងក្រោយ លោកមានចំណាប់អារម្មណ៍និងឆន្ទៈមោះមុតនៅក្នុងវិស័យអប់រំរហូតបានដាក់ពាក្យធ្វើជាបុគ្គលិកមួយរូបនៅអង្គការបង្រៀនដើម្បីកម្ពុជាកាលពីឆ្នាំ ២០២១ បានជោគជ័យ ដោយធ្វើការបង្ហាត់បង្រៀនសិស្សនៅវិទ្យាល័យនៅតំបន់ដាច់ស្រយាលនៅកោះធំ នៃខេត្តកណ្តាល។

លោកគ្រូ ពុំ ម៉េងគាន់

បើតាមលោក ម៉េងគាន់ បានឱ្យដឹងថា មូលហេតុដែលលោកជ្រើសរើសវិស័យអប់រំក្នុងការបម្រើការងារពីព្រោះតែលោកមានការជឿជាក់យ៉ាងខ្ពស់ថា គ្មានអ្វីដែលសំខាន់ជាងការអប់រំនោះឡើយ ដូចនេះការដែលក្លាយជាគ្រូបង្រៀន នឹងអាចធ្វើឱ្យលោកអាចបង្កើតជាការប្រែប្រួលវិជ្ជមានទៅលើជីវិតសិស្សដោយផ្ទាល់ រួមទាំងអាចចូលរួមចំណែកក្នុងការកសាងធនធានមនុស្សដ៏ប្រពៃសម្រាប់សង្គមជាតិនាពេលអនាគត។ លោកក៏បានបន្តទៀតថា ក្នុងនាមជាសិស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ភាពលំបាក លោកបានដឹងច្បាស់ថាអ្វីទៅដែលសិស្សត្រូវការពិតប្រាកដ និងអារម្មណ៍ដែលត្រូវការកម្លាំងចិត្តក្នុងការតស៊ូបន្តទៅមុខទៀត។

សកម្មភាពសិស្សនៅក្នុងក្លឹបសិក្សា Dream House Club

ដោយសារតែការមានឆន្ទៈមោះមុតក្នុងការលើកកម្ពស់សិស្សនៅវិទ្យាល័យកោះធំ នៅឆ្នាំ២០២២ លោកក៏បានចំណាយពេលវេលាបន្ថែមក្រៅពីការបង្រៀននៅក្នុងថ្នាក់ ដោយបានបង្កើតក្លឹបសិក្សាមួយដែលមានឈ្មោះថា Dream House Club ជាមួយសិស្សដោយផ្តោតសំខាន់លើគណិតវិទ្យា និងគំនូរ ។

មូលហេតុដែលលោកបានបង្កើតក្លឹបសិក្សានេះឡើងក៏ដោយសារតែលោកបានកត់សម្គាល់ឃើញថាក្រោយស្ថានភាពកូវីដ១៩ សិស្សានុសិស្សជាច្រើនមានបញ្ហាប្រឈមនឹងការរៀនមុខវិជ្ជាគណិតវិទ្យា និងការអានជាភាសាខ្មែរ នៅពេលដែលចូលរៀនថ្នាក់ទី៧ភ្លាមៗ។ ដោយសារតែបញ្ហាប្រឈមទាំងនេះធ្វើឱ្យ សិស្សមួយចំនួនធំចាប់ផ្តើមគ្មានកម្លាំងចិត្តក្នុងការប្រឹងប្រែងរៀនសូត្រ និងងាយប៉ះទង្គិចផ្លូវចិត្តផងដែរ។

សកម្មភាពសិស្សនៅក្នុងក្លឹបសិក្សា Dream House Club 

លោក ម៉េងគាន់ បានបន្ថែមទៀតថា ក្លឹបសិក្សានេះត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២១ ដោយមានការគាំទ្រជាទីតាំងពីនាយកសាលាផ្ទាល់ និងសិស្សានុសិស្សក្នុងការចូលរួមបង្រៀនគ្នាទៅវិញទៅមក ក៏ប៉ុន្តែនៅឆ្នាំ២០២៣ នេះលោកមិនទាន់បានចាប់ផ្តើមសារធាថ្មីនៅឡើយទេ ពីព្រោះថា ការដំណើរការក្លឹបនេះ គឺលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនទាំងស្រុងដូចជាការទិញសម្ភារៈសិក្សា និងសម្ភារៈផ្សេងៗសម្រាប់សិស្សបង្ហាញនូវជំនាញរបស់ខ្លួនដូចជាសម្ភារៈគូររូបជាដើម។

សកម្មភាពសិស្សកំពុងតែរៀនសូត្រពីគ្នាទៅវិញទៅមកនៅក្នុងក្លឹបសិក្សា 

សកម្មភាពមួយចំនួននៅក្នុងក្លឹបសិក្សានេះមានដូចជាការបង្រៀនគ្នាទៅវិញទៅមករវាងសិស្សនិងសិស្ស ដោយសិស្សខ្លាំងបង្រៀនសិស្សដែលចេះតិចជាងខ្លួន និងមានការបំប៉នបន្ថែមជាមួយសិស្សដែលរៀនខ្សោយដោយលោកគ្រូម៉េងគាន់ផ្ទាល់ផងដែរ។

ជាលទ្ធផល តាមរយៈការចូលរួមក្លឹបនេះ លោកបានកត់សម្គាល់ឃើញថាមានការប្រែប្រួលខ្លាំងក្នុងចំណោមសិស្សដែលចូលរួម ដូចជា លទ្ធផលសិក្សាប្រសើរជាងមុន មានការផ្លាស់ប្តូរផ្នត់គំនិត និងក្លាហានជាងមុនក្នុងការបញ្ចេញមតិរបស់ខ្លួន។

សកម្មភាពលោកគ្រូ ម៉េងគាន់កំពុងតែបំប៉នសិស្សរៀនគណិតវិទ្យា

បន្ថែមពីនេះ លោកបានចែករំលែក បញ្ហាប្រឈមសំខាន់មានដូចជា បញ្ហាប្រឈមទី១ គឺការខ្វះខាតសម្ភារៈសម្រាប់បង្រៀន សិស្ស និងឲ្យសិស្សធ្វើស្វ័យសិក្សា ព្រោះជាទូទៅសិស្សខ្សោយភាគច្រើនពួកគាត់មានជីវភាពគ្រួសារលំបាក ដូច្នេះលោកត្រូវសម្រេចចិត្តថាចំណាយលុយផ្ទាល់ខ្លួនធ្វើឱ្យក្លឹបអាចដំណើរការបាន។ បញ្ហាប្រឈមទី២ គឺការមិនមានពេលវេលាគ្រប់គ្រាន់ និងទទួលបានការចូលរួមពីសំណាក់គ្រូផ្សេងៗទៀត ក្នុងការបង្ហាត់បន្ថែមក្នុងក្លឹបសិក្សា ដូចនេះលោកត្រូវរ៉ាប់រងក្នុងការបង្រៀន និងដោះស្រាយរាល់ចម្ងល់ដែលសិស្សមានតែម្នាក់ឯង។

លោកគ្រូ ពុំ ម៉េងគាន់

ជាចុងក្រោយ លោកបានឲ្យដឹងថា ទោះជាមិនទាន់មានការគាំទ្រជាថវិកាយ៉ាងណាក៏ដោយ លោកនឹងនៅតែបន្តដំណើរការក្លឹបមួយនេះបន្តទៀតដើម្បីលើកទឹកចិត្តសិស្សក្នុងការរៀនសូត្រនិងធ្វើតាមក្តីស្រមៃរបស់ខ្លួន ដើម្បីក្លាយជាទំពាំងដែលត្រូវស្នងឬស្សីចាស់ៗនៅថ្ងៃខាងមុខ បើនៅតែបន្តទុកពួកគាត់ចោលដោយមិនអើពើរនោះទំពាំងនឹងរលួយ ទោះក្លាយជាឬស្សី ក៏ជាឬស្សីដែលគ្មានគុណភាព ហើយអ្នកដែលសាងកំហុសនេះឡើងគឺយើងទាំងអស់គ្នានេះហើយដែលបានទុកគាត់ចោលដោយមិនបានខ្វល់ពីគាត់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង