ភ្នំពេញ៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានធ្វើឲ្យកក្រើក នៅសង្វៀន Thai Fight បន្ទាប់ពីបានផ្ដួលកីឡាកររុស្សី Firdacszhov Naiimov នៅក្នុងទឹកទី១ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ កន្លងទៅ។ ប៉ុន្តែមុនទទួលបាននូវជ័យជម្នះដ៏អស្ចារ្យនេះ ដើម្បីលើកមុខមាត់គុនខ្មែរលើឆាកអន្តរជាតិនេះ កីឡាករ ព្រំ សំណាង ស្ទើរបាត់បង់ស្មារតីក្រោយពីត្រូវក្បាច់ នាគវាត់កន្ទុយរបស់កីឡាកររុស្សី ។
ក្រោយត្រឡប់មកដល់កម្ពុជាវិញ កាលពីថ្ងៃចន្ទនេះ កីឡាករ ព្រំ សំណាង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បានទទួលស្គាល់ថាកីឡាករ Firdacszhov Naiimov ជាដៃគូជើងខ្លាំងរបស់ខ្លួនពិតមែន ព្រោះរូបគេស្ទើរពិបាកទប់ទល់និងកម្លាំងជើងរបស់កីឡាកររុស្ស៊ីនៅពាក់កណ្ដាលទឹកទី២។
លោក ហេង សុខន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា មុនការប្រកួត និងក្រោយការប្រកួត មានការព្រួយបារម្ភ ដ្បិតបានដឹងហើយថា គូប្រកួតរបស់ ព្រំ សំណាង នេះជាកីឡាករដែលមិនអាចមើលស្រាលបានឡើយ។ យ៉ាងណាក៏ដោយការខិតខំហ្វឹកហាត់របស់អ្នកលេងគុនខ្មែររូបនេះ បានដណ្ដើមជ័យជម្នះ និងធ្វើឲ្យអន្តរជាតិបានស្គាល់ពីគុនខ្មែរផងដែរ។
គួរបញ្ជាក់ដែរថា ជាលើកទី២ហើយ ដែលកីឡាករ ព្រំ សំណាង បានទៅប្រកួតនៅលើសង្វៀន Thai Fight ដែលបានយកឈ្នះកីឡាករអង់គ្លេស គឺ Thomas Carpenter នៅក្នុងទឹកទី១ ដោយបានប្រើនូវជង្គង់ដូចគ្នាកាលពីខែកុម្ភៈ និងធ្វើឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទីមួយដូចគ្នាផងដែរ៕