.jpg?1677567176)
រុស្សី៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា សមូហភាពដឹកនាំដោយសហរដ្ឋអាម៉េរិក លោកខាងលិចត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ពួកគេចំពោះសន្តិសុខពិភពលោក ហើយទីបំផុតអាម៉េរិកគួរតែយកកង្វល់របស់ទីក្រុងមូស្គូមកពិចារណា មុនពេលកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ New START អាចត្រូវបានបន្ត។
ថ្លែងទៅកាន់កាសែត Izvestia សម្រាប់បទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Peskov បាននិយាយថា ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងអឺរ៉ុប "បានផ្លាស់ប្តូរយ៉ាងខ្លាំង" ចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin បានបង្កើតសេចក្តីព្រាងសន្ធិសញ្ញាសន្តិសុខដែលត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន ព្រុចសែល និងទីក្រុងវីយែន នៅចុងឆ្នាំ ២០២១ ។ លោកបន្ថែមថា ប្រសិនបើអាម៉េរិកចង់ចរចាបញ្ចប់សង្រ្គាមគេគួរតែធ្វើតាំងពូការស្នើបិតបញ្ចប់សង្រ្គាមដោយប្រធានាធិបតីរុស្សីលោក ពូទីនមកម្លេះ។
ជាមួយនឹងការប៉ុនប៉ងបរាជ័យក្នុងការសន្ទនា ភាពតានតឹងបានបន្តកើនឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិច ក្នុងការឈានទៅដល់ជម្លោះនៅអ៊ុយក្រែន។លោក Peskov បានប្រកែកថា NATO ឥឡូវនេះបានចូលរួមយ៉ាងពេញលេញនៅក្នុងអរិភាព ដោយកត់សម្គាល់ថា "ការស៊ើបការណ៍របស់ពួកគេកំពុងធ្វើការប្រឆាំងនឹងយើង ២៤ ម៉ោងក្នុងមួយថ្ងៃ អាវុធរបស់ពួកគេត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយឥតគិតថ្លៃដើម្បីបាញ់មកលើយោធារបស់យើង។
អ្នកនាំពាក្យរូបនេះបានបន្តថា៖ «ពេលណាតូបានក្លាយជាអ្នកចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន ស្ថានការណ៍បានផ្លាស់ប្តូរ ដោយប្លុកណាតូលែងដើរតួជាគូប្រជែងតាមលក្ខខណ្ឌរបស់យើងទៀតហើយ ប៉ុន្តែជាសត្រូវរបស់យើង”។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងមូស្គូមានបំណងផ្អាកជាផ្លូវការនូវកាតព្វកិច្ចរបស់ខ្លួនក្រោមកតិកាសញ្ញា ដោយលោក Peskov បានពន្យល់ថា "លក្ខខណ្ឌត្រូវតែផ្លាស់ប្តូរ" ។ លោកបាននិយាយថា ក្នុងអំឡុងពេលការចរចា New START ឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំង និងចក្រភពអង់គ្លេសត្រូវបានទុកចោល ទោះបីជាវាមានសារៈសំខាន់គ្រប់គ្រាន់សម្រាប់ប្រព័ន្ធសន្តិសុខយុទ្ធសាស្ត្រអឺរ៉ុបទាំងមូលក៏ដោយ ។
លោក Peskov បានបន្ថែមថា "ប្រទេសទាំងនេះរួមមាន បារាំង អង់គ្លេស សហរដ្ឋអាម៉េរិក គឺជាសមាជិកនៃអង្គការមួយដែលជាការពិតនៅក្នុងសង្រ្គាមជាមួយយើង ។
លោកពូទីនក៏បានចោទប្រកាន់អ្នកឯកទេសរបស់អង្គការណាតូថាបានជួយក្រុងកៀវក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអាកាសយានដ្ឋានរុស្ស៊ីដែលមានយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដែលជាផ្នែកនៃប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែររបស់ទីក្រុងម៉ូស្គូ។ លោកបានស្តីបន្ទោសសង្គ្រាមប្រូកស៊ីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអង្គការណាតូប្រឆាំងនឹងរុស្ស៊ី ចំពោះការបំផ្លាញមូលដ្ឋានគ្រឹះនៃការជឿទុកចិត្ត ដែលសន្ធិសញ្ញានេះត្រូវបានបង្កើតឡើងដំបូង៕