Cctimesw1140xh150cm copy

យុវតី យុគីលីសា មានសមត្ថភាពបង្កើត«អង្គការជួយយុវជន»តាំងពីអាយុ១៦ឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ កញ្ញា ឈាង យុគីលីសា ដែលបច្ចុប្បន្នមានអាយុ១៩ឆ្នាំ បានបង្កើតអង្គការតាំងពីអាយុ១៦ឆ្នាំនៅឆ្នាំ២០១៩ ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពយុវជនកម្ពុជាក្នុងការនិយាយជាសាធារណៈ និងជជែកដេញដោល។ ការក្លាយជាអ្នកដឹកនាំនៅវ័យក្មេង កញ្ញាបានជួបបញ្ហាជាច្រើន តែមិនដែលបោះបង់មិនថាក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

យុវតី លីសា និងសៀវភៅបែបកំណាព្យដែលកញ្ញាបាននិពន្ធ

កញ្ញា ឈាង យុគីលីសាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កន្លងមកយុវតីវ័យ១៩ឆ្នាំរូបនេះ ធ្លាប់បាននិពន្ធសៀវភៅបែបកំណាព្យ 11:11 Wish ជាភាសាអង់គ្លេស និងបានចូលរួមកម្មវិធីជជែកដេញដោលតាំងពីឆ្នាំ ២០១៤មកម្ល៉េះ ធ្វើឱ្យមានមនស្សការស្រលាញ់ការនិយាយជាសាធារណៈ រហូតមកដល់បច្ចុប្បន្នបានក្លាយជាអ្នកដឹកនាំអង្គការមួយដើម្បីជួយយុវជនកម្ពុជា។ បច្ចុប្បន្នកញ្ញាគឺជា Director នៃអង្គការ Cambodia Speech and Debate Association-CSDA និងជា President នៅ National Debate Society Cambodia។

កញ្ញា លីសាទទួលលិខិតបញ្ជាក់ជ័យលាភីការប្រកួត

កញ្ញាមានចំណង់ចំណូលចិត្តក្នុងការនិយាយតាំងពីឆ្នាំ២០១៤ ដោយសារតែមានការជម្រុញទឹកចិត្តរបស់លោកគ្រូអ្នកគ្រូនៅសាលារៀនឱ្យសាកល្បងចូលរួមក្លឹបជជែកដេញដោល មកដល់ឆ្នាំ២០១៨ ធ្វើឱ្យកញ្ញាកាន់តែមានចំណាប់អារម្មណ៍លើការនិយាយកាន់តែខ្លាំងដោយសារតែបានរៀនស៊ីជម្រៅពីការនិយាយជាសាធារណៈនេះ។ ដោយសារតែឆន្ទៈមោះមុត និងការស្វែងរកឃើញអ្វីដែលខ្លួនឯងស្រលាញ់ កញ្ញានៅតែបន្តការនិយាយជាសាធារណៈ និងចូលរួមប្រកួតកម្មវិធីនិយាយផ្សេងៗ រហូតដល់ឆ្នាំ២០១៩ កញ្ញាក៏បានចាប់ផ្តើមបើកអង្គការមួយសម្រាប់ជួយពង្រឹងសមត្ថភាពយុវជនក្នុងការនិយាយជាសាធារណៈ និងជជែកដេញដោល ក្នុងវ័យ១៦ ឆ្នាំ។

កញ្ញា យុគីលីសា សម្ភាសយុវជន

កញ្ញាបានបន្តទៀតផងដែរថា មូលហេតុដែលកញ្ញាដំណើរការអង្គការនេះឡើងគឺដោយសារតែកត្តាពីរយ៉ាង កត្តាទី១គឺ កត្តាសង្គម ដោយសារតែប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ដូចនេះយុវជនមិនស៊ូវមានភាពអភិវឌ្ឍផ្នែកនិយាយជាសាធារណៈបានទូលំទូលាយនៅឡើយមិនថាជាភាសាខ្មែរ ឬ ភាសាអង់គ្លេស។

កញ្ញា លីសាចែករំលែកបទពិសោធន៍ទៅកាន់យុវជន

កត្តាទី២គឺដោយសារតែឃើញថាយុវជនកម្ពុជាមួយចំនួនមានភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ ដូចនេះ កញ្ញាសង្ឃឹមថាតាមរយៈអង្គការនេះកញ្ញានឹងអាចជួយពង្រឹងសមត្ថភាពយុវជនឱ្យកាន់តែមានភាពក្លាហានក្នុងការបញ្ចេញមតិរបស់ខ្លួនជាផ្លូវការតាមការប្រកួត។ តាំងពីឆ្នាំ២០១៩ កញ្ញាបានដំណើរការប្រកួតការនិយាយជាសាធារណៈ និងជជែកដេញដោល ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីសំណាក់សិស្ស និងនិស្សិតមកពីតំបន់ផ្សេងៗគ្នាមិនថាទីក្រុង ឬ បណ្តាខេត្តនានានៅតំបន់ស្រយាល។

កញ្ញា លីសា កំឡុងពេលរៀបចំកម្មវិធី

បន្ថែមពីនេះ កញ្ញាក៏បានបញ្ជាក់មកកាន់ស៊ីស៊ីថាមស៍ថា ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងមួយរូប កញ្ញាមានបញ្ហា៣ធំៗដែលបានជួបប្រទះក្នុងពេលដំណើរការអង្គការ។ បញ្ហាទី១ គឺកត្តាសេដ្ឋកិច្ច ដោយសារតែអង្គការត្រូវបានបង្កើតឡើងដោយមិនស្វែងរកប្រាក់ចំណេញ ដូចនេះ ត្រូវមានការស្នើសុំថវិកាពីស្ថាប័នផ្សេងៗទើបអាចដំណើរការកម្មវិធីបាន។

កត្តាទី២ គឺការធ្វើការងារជាក្រុម ដោយសារតែកម្រមានអ្នកដែលដាក់ចិត្តដាក់កាយក្នុងការធ្វើឱ្យកម្មវិធីចប់ចុងចប់ដើមណាស់ ដោយសារតែយុវជនខ្លះមានភាពភ័យខ្លាចក្នុងការធ្វើវានៅឡើយ។ កត្តាចុងក្រោយគឺ កត្តាខ្លួនឯងផ្ទាល់ទទួលបានការរិះគន់និងការបង្អាក់ទឹកចិត្តពីអ្នកជុំវិញខ្លួនមួយចំនួនដោយសារតែវ័យរបស់កញ្ញានៅក្មេងនៅឡើយ ។ ទោះជាយ៉ាងណាក៏ដោយកញ្ញានឹងមិនបោះបង់ការរៀបចំអង្គការសម្រាប់យុវជននោះឡើយដោយនៅតែតាំងចិត្តមោះមុតថាកញ្ញាធ្វើឡើងគឺដើម្បីជាតិជារួមដូចនេះ មិនថាមានពាក្យសម្តីបែបណាក៏ដោយ កញ្ញានឹងនៅតែបន្តធ្វើតាមបេះដូងរបស់ខ្លួនសម្រាប់យុវជនកម្ពុជា។

បើតាមកញ្ញា លីសា បានឱ្យដឹងថា តាមរយៈការដឹកនាំយុវជនទាំងនៅវ័យក្មេងកន្លងមកនេះ កញ្ញាបានរៀនសូត្រជាច្រើនដូចជា បង្កើនទំនាក់ទំនងជាមួយនឹងយុវជន និងស្ថាប័នពាក់ព័ន្ធ បង្កើនភាពអត់ធ្មត់ បង្កើនចំណេះក្នុងការដោះស្រាយបញ្ហាភ្លាមៗ និងការគិតបែបស៊ីជម្រៅ។

យុវតីលីសា និងក្រុមការងារចុះសហគមន៍ដើម្បីកម្មវិធីសប្បុរសធម៌
យុវតី លីសា និងកុមារនៅតំបន់ដែលកញ្ញាធ្វើកម្មវិធីសប្បុរសធម៌

ថ្វីត្បិតតែកញ្ញាជួបផលលំបាកនៅពេលស្វែងរកអ្នកគាំទ្រថវិកាសម្រាប់ដំណើរការអង្គការក្នុងការរៀបចំកម្មវិធីប្រកួតក៏ពិតមែន ក៏កញ្ញានៅតែប្រើប្រាស់ថវិកាដែលសេសសល់ពីការរៀបចំកម្មវីធីធ្វើជាកម្មវិធីសប្បុរសធម៌ជូនកុមារកម្ពុជាផងដែរ ។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញថាកញ្ញាពិតជាមានការតាំងចិត្តខ្ពស់ក្នុងការជួយយុវជនជំនាន់ក្រោយ ដោយមិនបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះឡើយ។

កញ្ញា លីសាកំពុងចែករំលែកបទពិសោធន៍សម្រាប់យុវជន

ជាចុងក្រោយ កញ្ញាបានផ្តល់ជាសារលើកទឹកចិត្តជូនយុវជនថា ប្រសិនបើមានក្តីស្រមៃហើយ សូមចាប់ផ្តើមធ្វើវាដោយកុំមានការភ័យខ្លាច ហើយត្រូវបន្តធ្វើវាកុំបោះបង់ឱ្យសោះមិនថាស្ថិតក្នុងភាពលំបាកយ៉ាងណាក៏ដោយ ដរាបណាយើងនៅតែបន្តធ្វើវា យើងនឹងអាចសម្រេចក្តីស្រមៃរបស់យើងជាមិនខាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង