
នីហ្សេរីយ៉ា៖ ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតទូទៅនៅក្នុងប្រទេសនីហ្សេរីយ៉ាកំពុងដំណើរការ ទោះបីជាមានការវាយប្រហារជាច្រើនដងនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសដោយសារខ្មាន់កាំភ្លើងក្តី។
លទ្ធផលពីការិយាល័យបោះឆ្នោតរាប់ម៉ឺនកន្លែងនៅទូទាំងប្រទេសកំពុងស្ថិតក្នុងដំណើរការសារឡើងវិញ បន្ទាប់ពីបានពន្យារពេលដោយសារតែការវាយប្រហារលើការិយាល័យបោះឆ្នោតមួយចំនួនកាលពីថ្ងៃសៅរ៍។
ប៉ូលិសនីហ្សេរីយ៉ាបានឲ្យដឹងថា ការិយាល័យបោះឆ្នោតជាច្រើនត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើងនៅក្នុងទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី និងសភាជាតិ។ អ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៅតំបន់ Jos កំពុងតែសម្តែងការព្រួបារម្ភខ្លាចអំពើហិង្សារីករាលដាលកាន់តែខ្លាំង។
លោក Gabriel James អ្នកបោះឆ្នោតម្នាក់បានឲ្យដឹងថា "ក្រុមខ្មាន់កាំភ្លើងបានបាញ់គំរាមជាច្រើនកន្លែងកំឡុងពេលបោះឆ្នោត" លោកបន្ថែមថាដោយសារតែភាពភ័យខ្លាចអ្នកបោះឆ្នោតមួយចំនួនបាននាំគ្នារត់ចេញពីកន្លែងបោះឆ្នោត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ (INEC) របស់ប្រទេសនេះ បានបន្តម៉ោងបោះឆ្នោតនៅក្នុងអង្គភាពបោះឆ្នោតមួយចំនួន ដែលការបោះឆ្នោតមិនដំណើរការដូចការគ្រោងទុករហូតដល់ថ្ងៃអាទិត្យ។ គណៈកម្មការបាននិយាយថា លទ្ធផលនៃការបោះឆ្នោតនឹងឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់អ្នកបោះឆ្នោតរាប់លាននាក់ដែលបានជ្រើសរើសមេដឹកនាំរបស់ខ្លួន។ អ្នកសង្កេតការណ៍បោះឆ្នោតបានប្រកាសថាពួកគេនឹងតាមដានដំណើរការបោះឆ្នោតទាំងមូល។
មនុស្សសរុបចំនួន ៨២.២ លាននាក់មានសិទ្ធិបោះឆ្នោតឱ្យអ្នកស្នងតំណែងប្រធានាធិបតី Muhammadu Buhari ក៏ដូចជាអនុប្រធានថ្មី និងសមាជិកនៃសភាជាតិថ្មីនៅការិយាល័យបោះឆ្នោតចំនួន 176,000 នៅទូទាំងប្រទេស៕