ភ្នំពេញ៖ កាលពីថ្ងៃ ២៤ កុម្ភៈ កន្លងផុតទៅនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ បានធ្វើការជូនដំណឹងទៅកាន់សាធារណជនអំពី ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់សិស្សបាក់ឌុប ២០២២ និទ្ទេស A, B, C ចំនួន១០០ នាក់ ដើម្បីអាចសិក្សានៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។
តាមរយៈសេចក្តីជូនដំណឹងស្តីពីការប្រលងអាហារូបករណ៍ សម្តេចហ៊ុនសែន និងសម្តេចប៊ុនរ៉ានី បានឱ្យដឹងថា អាហារូបករណ៍ផ្តល់ជូនសម្រាប់សិស្សានុសិស្សដែលទើបតែប្រលងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២១-២០២២ ដែលបាននិទ្ទេស A, B, C និងមានលក្ខខណ្ឌក្នុងការជ្រើសរើសយ៉ាងសុក្រិតផ្សេងទៀត។
អាហារូបករណ៍នេះផ្តល់ជូនមុខជំនាញឌីជីថលផ្សេងៗដូចជា បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន, សន្តិសុខសាយប័រ, ការអភិវឌ្ឍសុសវែរ, បច្ចេកវិទ្យាក្លោដ, គ្រប់គ្រងព័ត៌មាន, និងវិទ្យាសាស្រ្តកុំព្យូទ័រ។
សម្រាប់លក្ខខណ្ឌ សិស្សដែលបាននិទ្ទេស A នឹងត្រូវឆ្លងកាត់ការប្រលងភាសាអង់គ្លេសដែលមានរយៈពេល៣ម៉ោង។ ចំណែកឯនិស្សិតដែលទទួលបាននិទ្ទេស B និង C នឹងត្រូវឆ្លងកាត់ការប្រលង ៤ មុខគឺ ភាសាអង់គ្លេស រយៈពេល ៣ ម៉ោង និងមុខវិជ្ជា៣ទៀត គឺ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា (១ម៉ោង ក្នុងមុខវិជ្ជានីមួយៗ)។
សម្រាប់របៀបនៅក្នុងការដាក់ពាក្យ សិស្សអាចដាក់ពាក្យចាប់ពីថ្ងៃផ្សព្វផ្សាយនេះរហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទីល្ងាច។ ទីតាំងនៃការដាក់អាហារូបករណ៍នេះស្ថិតនៅអាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបើកទទួលពីម៉ោង ៨:៣០នាទីព្រឹក ដល់ ម៉ោង ៥:00 នាទីល្ងាច ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ផ្តល់អាទិភាពក្នុងការចូលរួមប្រលងជ្រើសរើសសម្រាប់តែសិស្សដែលបានដាក់ពាក្យប្រលង៥០០ នាក់ដំបូងតែប៉ុណ្ណោះ ដូចនេះប្រសិនបើមានបំណងក្នុងការដាក់ពាក្យ គួរប្រញាប់ប្រញាល់ទៅកាន់ទីតាំងខាងលើដើម្បីអាចដាក់ពាក្យបានទាន់ពេលវេលា។ ក្នុងករណីមានសំណួរ ឬចម្ងល់ណាមួយសូមទាក់ទងទៅកាន់លេខទូរស័ព្ទ 085555912/ 060703615៕