
កំពត៖ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ កុម្ភៈ បានដឹកនាំប្រតិភូក្រសួង និងប្រតិភូសមាគមស្រូវ-អង្ករ និងសមាគមម៉ាស៊ីនកិនស្រូវកម្ពុជា ចុះទស្សនកិច្ច និងពិនិត្យជាក់ស្តែងពីខ្សែច្រវ៉ាក់ផលិតកម្មនៃក្រុមហ៊ុនផលិតសំបកបាវចក្រីទីង ដែលស្ថិតនៅក្នុងសួនឧស្សាហកម្ម សម្ភារៈសំណង់កម្ពុជាហ័រសុីន ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។
ក្នុងន័យគាំទ្រនិងលេីកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុកដែលមានសក្តានុពលក្នុងការផលិតផលិតផលចាំបាច់សម្រាប់បម្រេីទីផ្សារក្នុងស្រុក ជាពិសេសការផលិតសំបកបាវគ្រប់ប្រភេទ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រតិភូក្រសួង និងប្រតិភូសមាគមស្រូវ-អង្ករ និងសមាគមម៉ាស៊ីនកិនស្រូវកម្ពុជា ចុះទស្សនកិច្ច និងពិនិត្យជាក់ស្តែងពីខ្សែច្រវាក់ផលិតកម្មនៃក្រុមហ៊ុនផលិតសំបកបាវចក្រីទីង ដែលស្ថិតនៅក្នុងសួនឧស្សាហកម្ម សម្ភារៈសំណង់កម្ពុជាហ័រសុីន ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះ ឯកឧត្ដម ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះខ្សែច្រវ៉ាក់ផលិតកម្មនិងសមត្ថភាពរោងចក្រដែលអាចចាត់ទុកថាទីនេះជារោងចក្រដ៏ធំមួយដែលបានផលិតសំបកបាវគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលឯកឧត្តមក្នុងនាមរាជដ្ឋាភិបាលសូមគាំទ្រនិងលេីកទឹកចិត្តឲ្យផលិតឲ្យបានច្រេីនជាងនេះថែមទៀត ពីព្រោះដេីម្បីបំពេញតម្រូវការ និងជំនួសការនាំចូលពីខាងក្រៅ។
ជាមួយគ្នានោះ សោភ័ណ្ឌភាព គុណភាព និងអនាម័យន័យសំបកបាវក៏ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ ពីព្រោះផលិតផលល្អ សំបកវេចខ្ចប់ក៏ត្រូវល្អតាមនោះ ជាពិសេសសំបកបាវអង្ករខ្មែរ ដែលយេីងត្រូវនាំចេញទៅក្រៅប្រទេស ដែលរាជរដ្ឋាភិបាលកំណត់ឲ្យបាន១លានតោនក្នុងមួយឆ្នាំនៃការនាំចេញ ។ ដូច្នេះវិស័យឯកជន ផ្នែកសមាគមម៉ាសុីនកិនស្រូវ និងស្រូវអង្ករនៅកម្ពុជាអាចពិនិត្យលទ្ធភាពបញ្ជាទិញ នៅទីផ្សារក្នុងស្រុកយេីង ដែលមិនចំណាយពេល ឬសោហ៊ុយដឹកជញ្ជូនច្រេីន ហេីយក៏បានចូលរួមគាំទ្រផលិតផលក្នុងស្រុកយេីងផងដែរ ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានបញ្ជាក់ថា សួនឧស្សាហកម្មសម្ភារៈសំណង់កម្ពុជាហ័រស៊ីនមានរោងចក្រផលិតស៊ីម៉ងត៍ កម្ពុជាចក្រីទីង, រោងចក្រផលិតសំបកបាវខេមបូឌា ភែកឃីជីងចក្រីទីង , រោងចក្រផលិតក្ដារបន្ទះស្មាតបតខេមបូឌា ឌីខ័រ៉េធីវ ប៊ីលឌីង មេធៀរៀល ចក្រីទីង ,រោងចក្រផលិតបេតុងខេមបូឌាន ខនគ្រីត ចក្រីទីង។
គួរបញ្ជាក់ថា ក្រុមហ៊ុនខេមបូឌាន ភែកឃីជីងចក្រីទីងបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដោយមានដើមទុនចុះបញ្ជីចំនួន ជាងម្ភៃលានដុល្លាអាមេរិក។ នៅក្នុងខ្សែផលិតកម្មទីមួយផ្ដោតសំខាន់លើសំបកបាវ ផលិតបាវអ៊ុតកាវ បាវត្បាញប្លាស្ទិក បាវអ៊ុតកាវបាតការ៉េ បាវផ្លាស្ទិកក្រដាសអ៊ុតកម្ដៅ ជាទូទៅបាវទាំងនេះគេយកទៅច្រកស៊ីម៉ង់ត៍។ អាចផលិតបាន៧០លានសន្លឹកក្នុងមួយឆ្នាំ។ ក្រុមហ៊ុនបានពង្រីកផលិតកម្មនៅក្នុងឆ្នាំ២០២២។

នៅក្នុងខ្សែផលិតកម្មទីពីរ ក្រុមហ៊ុនបានវិនិយោគទុនបន្ថែមចំនួន បួនលានប្រាំសែនដុល្លាអាមេរិក ។ មានផលិតបាវអង្ករ បាវចំណីសត្វ បាវជី បាវសម្រាប់ច្រកចំណីអាហារ មានសមត្ថភាពផលិតប្រចាំឆ្នាំ ៣០លានសន្លឹកក្នុងមួយឆ្នាំ។ ក្រុមហ៊ុនមានឧបករណ៍ទំនើបៗ អាចផលិតសំបកបាវគ្រប់ប្រភេទបានយ៉ាងប្រណិត មានសោភ័ណភាពខ្ពស់ និងតម្លៃសមស្របបតាមតម្រូវការរបស់អតិថិជន សេវាកម្មល្អ មានប្រព័ន្ធពិនិត្យគុណភាព ពិនិត្យតាំងពីវត្ថុធាតុដើមដល់សរសៃអំបោះ ដល់សំបកបាវ ដែលអាចធានាដល់ការរក្សាគុណភាពភាពនិងស្ថេរភាព គ្រប់សំបកបាវទាំងអស់បានពិនិត្យគុណភាពមុននឹងបញ្ចេញពីរោងចក្រ។៕
