ភ្នំពេញ៖ កញ្ញា លីន គីមហេង និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យញូវយ៉ក នៃសហរដ្ឋអាម៉េរិក តាមរយៈអាហារូបករណ៍នៃអង្គការសហប្រជាជាតិ ( United Nation)។ តាមរយៈបទនៃការសិក្សានៅបរទេសកន្លងមក ធ្វើឱ្យកញ្ញាកាន់តែចូលចិត្តក្នុងការចែករំលែក ថ្ងៃនេះកញ្ញានឹងចែករំលែកពីការត្រៀមខ្លួនប្រសិនបើនិស្សិតមានបំណងក្នុងការដាក់អាហារូបករណ៍ទៅក្រៅប្រទេស។
កញ្ញា លីន គីមហេង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាធ្លាប់បានរៀននៅសាកលវិទ្យាល័យនៅប្រទេសខ្មែរបានពីរឆ្នាំ មុននឹងបានដាក់ពាក្យទៅសិក្សានៅបរទេស ដោយសារតែមានឆន្ទៈក្នុងការរៀនសូត្រ និងទទួលបានបទពិសោធន៍ថ្មីៗពីក្រៅប្រទេស។ មុននឹងទៅរៀននៅសហរដ្ឋអាម៉េរិក កញ្ញាក៏ធ្លាប់បានជាប់អាហារូបករណ៍សិក្សានៅប្រទេសហូឡង់ បានមួយរយៈ ក្រោយមកក៏បានស្គាល់អាហារូបករណ៍សហប្រជាជាតិ ហើយមានចំណាប់អារម្មណ៍ដាក់ពាក្យរហូតដល់បានជោគជ័យបានសិក្សានៅសាកលវិទ្យាល័យញ៉ូវយ៉កកាលពីឆ្នាំ២០១៩។
កញ្ញាក៏បានបន្តទៀតថា ថ្វីត្បិតតែត្រូវចំណាយពេលច្រើនទម្រាំបានចង់ថ្នាក់បរិញ្ញាបត្រ តែកញ្ញាមិនធ្លាប់មានការស្តាយក្រោយដែលបានទទួលឱកាសដែលមិនអាចកាត់ថ្លៃមួយនេះ នោះឡើយ កញ្ញាមានមោទនភាពដែលបានសិក្សានៅបរទេសដោយបានចំណេះដឹងជាច្រើនសម្រាប់អភិវឌ្ឍខ្លួនផ្ទាល់ និងសង្គមជាតិ។
បើតាមកញ្ញា គីមហេង តាមរយៈបទពិសោធន៍កន្លងមកធ្វើឲ្យកញ្ញាបានដឹងថា ប្រសិនបើយុវជនមានបំណងក្នុងការសិក្សានៅក្រៅប្រទេស គួរតែគិតពីចំណុចបីធំៗ ដូចជា គន្លឹះទី១ កម្រិតភាសាអង់គ្លេស ការសិក្សានៅបរទេស ត្រូវចាំបាច់ប្រើប្រាស់ភាសាអន្តរជាតិដែលភាគច្រើនគឺប្រើភាសាអង់គ្លេសតែម្តង ដូចនេះ ប្រសិនបើមិនអាចប្រើភាសាអង់គ្លេសបានទេ បេក្ខជននឹងមានភាពលំបាកក្នុងការដាក់ពាក្យ ក៏ដូចជាពិបាកក្នុងការសិក្សាជាមួយនឹងជនជាតិបរទេសផ្ទាល់។
សម្រាប់ គន្លឹះទី២ យុវជនគួរតែបង្កើនភាពលេចធ្លោរបស់ខ្លួន តាមរយៈសកម្មភាពផ្សេងៗមិនថាក្នុង ឬក្រៅសាលា ជាពិសេសនៅពេលដែលដាក់អាហារូបករណ៍គេតែងតែមើលជានិច្ចលំដាប់ពិន្ទុ ព្រោះវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការរៀនសូត្រ ដូចនេះប្រសិនបើកម្រិតពិន្ទុយើងខ្ពស់នោះគេនឹងមានចំណាប់អារម្មណ៍លើការដាក់ពាក្យរបស់យើងឆាប់ផងដែរ។
បន្ថែមពីនេះទៅទៀត កញ្ញាបានឱ្យដឹងថា ការចូលរួមធ្វើការងារស្ម័គ្រចិត្តជួយសង្គមជាបទពិសោធន៍មួយដែលយុវជនគួរតែធ្វើ ព្រោះវានឹងបង្ហាញអោយគេបានដឹងពីឆន្ទៈរបស់យើងក្នុងការចែករំលែកទៅកាន់សង្គមវិញ ដែលជាចរិកលក្ខណៈដែលសង្គមបច្ចុប្បន្នត្រូវការ។ ជាចុងក្រោយកញ្ញាបានបន្តទៀតថា ការស្គាល់ពីជំនាញដែលខ្លួនឯងចង់រៀនគឺសំខាន់ នៅពេលដែលដឹងថាខ្លួនចង់រៀនអីហើយត្រូវដាក់ចិត្តអោយខ្ពស់ ហើយប្រឹងអោយអស់សមត្ថភាព តែកុំដល់ថ្នាក់ដាក់សម្ពាធដល់ខ្លួនឯងអី។
គួរបញ្ជាក់ផងដែរថា កញ្ញា គីមហេង នឹងបញ្ចប់ការសិក្សានៅសហរដ្ឋអាម៉េរិកក្នុងពេលប៉ុន្មានខែខាងមុខនេះ នឹងត្រលប់មកកម្ពុជា ដើម្បីធ្វើការនៅកម្ពុជា មុននឹងបន្តក្តីស្រមៃបន្តការសិក្សាថ្នាក់អនុបណ្ឌិតបន្តទៀត៕