ភ្នំពេញ៖ កុមារីអាយុ១១ឆ្នាំនៅខេត្តព្រៃវែង បានស្លាប់ដោយសារឆ្លងជំងឺផ្ដាយបក្សី H5N1។ នេះបើតាមការបញ្ជាក់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ដែលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
កុមារីចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមានមេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហើយ និងធ្វើពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ។
សូមជម្រាបថា បងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥៕