Cctimesw1140xh150cm copy

យុវជនប្រមាណ២០០នាក់ចូលរួមកម្មវិធីការប្រកួតនិយាយនិងជជែកដេញដោលរៀបចំដោយ JCI

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រុមការងារសភាយុវពាណិជ្ជករកម្ពុជា(JCI) កាលពីថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២៣ បានរៀបចំកម្មវិធីការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈ នៅទីតាំង មជ្ឈមណ្ឌលភាសាអេ អាយ អាយសាខាទួលគោក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសាធារណជនប្រមាណ ២០០ នាក់។

លោក វិន សុខពន្លឺ ដែលជាប្រធានគម្រោង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការរៀបចំកម្មវិធីការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈ ត្រូវបានចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំ២០២២ ដោយមានបេក្ខជនដែលបានដាក់ពាក្យមកចូលរួមក្នុងចំនួន១២៥រូបដោយមានបេក្ខជនឆ្លងកាត់វគ្គជម្រុះដំបូងមានចំនួន១០នាក់ចំពោះវិញ្ញាសានិយាយជាសាធារណៈ និង៤ក្រុមសម្រាប់ការជជែកដេញដោល។

ភ្ញៀវកិត្តិយសនៃកម្មវិធីប្រកួត

ក្រុមការងារបានឱ្យដឹងថា កាលពីថ្ងៃ ១៩ កុម្ភៈកន្លងទៅនេះ កម្មវិធីត្រូវបានប្រព្រឹត្តឡើងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥ល្ងាច ដោយមានការចូលរួមជាកិត្តិយសពីសំណាក់លោកស្រី អ៊ុយ អ៊ែលណា អនុប្រធានជេស៊ីអាយកម្ពុជា លោក ជា សុខហ៊ី អនុប្រធានប្រតិបត្តិជេស៊ីអាយចតុមុខ និង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាកិត្តិយសជេស៊ីអាយកម្ពុជា ដែលបណ្តាលអោយមានកិច្ចពិភាក្សាយ៉ាងសកម្មមួយពីសំណាក់អ្នកចូលរួម និងភ្ញៀវកិត្តិយស។

បេក្ខនារីជ័យលាភីការប្រកួតនិយាយជាសាធារណៈ
ក្រុមជ័យលាភីការប្រកួតជជែកដេញដោល

ជាលទ្ធផល ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីមួយរូបនិងបេក្ខនារីមួយក្រុមដែលនឹងតំណាងកម្ពុជាត្រូវបន្ដការប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូនេស៊ី នាខែឧសភាខាងមុខនេះ។

សកម្មភាពអ្នកចូលរួម

លោក សុខពន្លឺ បានលើកឡើងថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយណាស់ នៅពេលដែលឃើញយុវជនយើងព្យាយាមខ្នះខ្នែងស្វែងរកឱកាស ដើម្បីយកមកអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបែបនេះ លោកសង្ឃឹមថាអ្នកជំនាន់ក្រោយនៅតែបន្តសកម្មភាពក្លៀវក្លាក្នុងការចូលរួមកម្មវិធីនេះបន្តទៀត នៅឆ្នាំក្រោយៗ។

កម្រងរូបភាពអនុស្សាវរីយ៍

ជាចុងក្រោយ ក្រុមការងារបានបន្តទៀតថា ការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈ របស់ជេស៊ីអាយថ្នាក់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅ ទឹកដីអង្គរ ខេត្តសៀមរាបដែលនេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង