
ភ្នំពេញ៖ ភាគីកូរ៉េ សន្យាថា នឹងបង្កើនកូតា(ចំនួនដែលគេកំណត់)ពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ ខណៈពេល ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រឡាញ់ពេញចិត្តជាខ្លាំង។
លទ្ធផលនៃកិច្ចពិភាក្សានេះ ធ្វើឡើងរវាង ឯកឧត្តម UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ ជាមួយឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ។
នៅក្នុងជំនួបនោះ ឯកឧត្តម អ៉ិត សំហេង លើកឡើងថា កូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនឹងនេះ ឯកឧត្តម អ៉ិត សំហេង បានថ្លែងអំណរគុណដល់ ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជា បានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យា ផ្តល់កូតាជូនពលករកម្ពុជា ជាងមួយម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។
ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ៕