
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិននាថ្ងៃអង្គារ ទី២១ កុម្ភៈនេះបានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង "មានការព្រួយបារម្ភយ៉ាងខ្លាំង" អំពីជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងតែ "កាន់តែខ្លាំងឡើង ហើយថែមទាំងមិនអាចគ្រប់គ្រងបាន"។
លោក Qin Gang បានអះអាងថាទីក្រុងប៉េកាំងនឹង "ធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់ការសន្ទនា និងការពិគ្រោះយោបល់ ដោះស្រាយកង្វល់របស់ភាគីទាំងអស់ និងស្វែងរកសន្តិសុខរួម" ។ លោកបន្តថាប្រទេសចិន ខ្លួននឹងបោះផ្សាយសំណើមួយក្នុងសប្តាហ៍នេះ ក្នុងគោលបំណងស្វែងរក "ដំណោះស្រាយនយោបាយ" ចំពោះវិបត្តិអ៊ុយក្រែន ខណៈដែលខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននឹងមកដល់ខ្វះតែ៣ថ្ងៃទៀតតែប៉ុណ្ណោះ។
សម្រាប់លោក Qin "ក្នុងពេលជាមួយគ្នានេះ យើងជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ការបន្ថែមប្រេងទៅក្នុងភ្លើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ហើយទាក់ទងនឹងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងដែលចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងដណ្តើមយកមួយថ្ងៃនោះ Qin បានជំរុញប្រទេសនានាឱ្យ "បញ្ឈប់ការបង្កចលាចលដោយស្រែកថា "ថ្ងៃនេះអ៊ុយក្រែន ថ្ងៃស្អែកតៃវ៉ាន់" ។
ចំណែកអ្នកការទូតកំពូលលោក Wang Yi បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ថា ទាក់ទងនឹងជម្លោះអ៊ុយក្រែន ទីក្រុងប៉េកាំងបានប្រឆាំងនឹងការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីជីវៈ និងមានឆន្ទៈធ្វើការជាមួយ "គ្រប់ភាគី"។
លោកក៏បានប៉ះទង្គិចជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken ជុំវិញការបាញ់ទម្លាក់បាឡុងរបស់ចិននៅក្នុងដែនអាកាសរបស់ទីក្រុងវ៉ាស៊ីនតោន ដែលជាការឆ្លើយតបរបស់លោក Wang បានពិពណ៌នាថាជា "ជាអំពើមិនអាចលើកលែងបាន"៕