Cctimesw1140xh150cm copy

អាជ្ងាធរជាតិអប្សរា៖ ពលរដ្ឋក្នុងតំបន់អង្គរស្ម័គ្រចិត្តចាកចេញស្ទើរតែទាំងស្រុង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា

ភ្នំពេញ៖ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរជាច្រើនគ្រួសារ បានបន្តចាកចេញស្ទើរតែទាំងស្រុងដោយស្ម័គ្រចិត្ត ទៅកាន់ទីតាំងភូមិរុនតាឯក ដែលរដ្ឋាភិបាលបានរៀបចំជូនពលរដ្ឋជាបន្តបន្ទាប់ ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ។

លោក ឡុង កុសល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សកម្មភាពនៃការចាកចេញរបស់ប្រជាជនដែលរស់នៅតំបន់អង្គរ កំពុងតែមានការវិវត្តន៍ទៅមុខដោយស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ ។ រហូតមកដល់ពេលនេះ ប្រជាជនដែលនៅតំបន់អង្គរចាកចេញស្ទើរតែទាំងស្រុងពីតំបន់មួយចំនួនដូចជា ទក្សិណត្បូង ត្រពាំងសេស ភូមិវាល ភូមិខ្វៀន មណ្ឌល៣ រលួស និងផ្សេងៗទៀត។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ទិន្នន័យជាតួលេខថាមានគ្រួសារប៉ុន្មានដែលបានចាកចេញនោះទេ គ្រាន់តែបានបញ្ជាក់ថា សកម្មភាពនៃការចាកចេញដោយស្ម័គ្រចិត្តកំពុងតែមានភាពវិជ្ជមាន។

បើតាមលោក ឡុង កុសល បានបញ្ជាក់ថា មកដល់ពេលនេះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ផ្លូវថ្នល់ វត្តអារាម ត្រពាំង ស្រះ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក ឬ ប្រព័ន្ធភ្លើង ក៏នៅតែបន្តដំណើរការសាងសង់បន្តបន្ទាប់ គឺមានភាពធំធេង និងប្រព្រឹត្តទៅយ៉ាងរលូនទៅកាន់ភាពដែលល្អប្រសើរសម្រាប់អោយប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានអនុវត្តផែនការស្នើសុំឱ្យប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក ឃុំពាក់ស្នែង ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ការចាកចេញគឺដោយសារតែរក្សាសោភ័ណភាពនៃតំបន់អង្គរដើម្បីស្របតាមលក្ខខណ្ឌនៃ អង្គការ UNESCO ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង