Yearendyearend1140x150

ពលរដ្ឋជាង៦ម៉ឺននាក់ ធ្វើពិធីចុះចាប់ត្រីបឹងត្រពាំងក្រម នៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ត្បូងឃ្មុំ៖ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ ពលរដ្ឋតែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ។ ពលរដ្ឋប្រមាណជាង៦ម៉ឺននាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក៏មានពលរដ្ឋមានមកពីខេត្តក្រចេះ កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

លោក រិន សំអឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា លោកមានឧបករណ៍អង្រុតយកមកចុះរុតចាប់ត្រី រាល់ឆ្នាំ ឆ្នាំនេះត្រីសម្បូណ៍ជាងឆ្នាំ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយយើង ចាប់បានត្រីច្រើន យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារយ៉ាងសប្បាយ ។

លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឱ្យដឹងដែរថា ពីដើមមុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី សុំឱ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង ត្រីអណ្តែង ត្រីកញ្ចុះ ជាដើម សូមឱ្យស្លូតដូចត្រីកំភ្លាញ ធ្វើដូចនេះ ពេលបងប្អូនប្រជាពលរដ្ឋចុះចាប់ត្រីមិនមានបញ្ហាមុតត្រីអ្វីនោះទេ នេះជាទំនៀមបុរាណយើង ។

លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះជាថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ ដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមរបស់យើង ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ រយៈពេល៤ថ្ងៃ និង៣យប់ គឺចាប់ពីថ្ងៃទី ១៥.១៦.១៧ និងថ្ងៃទី១៨ ខែកុម្ភះ នេះតែម្តង ។

លោកមេឃុំបានបញ្ជាក់ទៀតថា បឹងត្រពាំងក្រំមានទំហំ១០០បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មានឧបករណ៍របៀបបុរាណរួមមានៈ អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។ល។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះដែរ គឺបងប្អូននិងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្តង ។ ឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ។ល។ ហើយ ត្រីមិនសម្បូណ៍ជាងឆ្នាំ២០២០ឆ្ងាយណាស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង