Cctimesw1140xh150cm copy

លោក តាន់ ស៊ីវុត្ថា ចំណាយពេលច្រើនឆ្នាំទម្រាំជាប់អាហារូបករណ៍ Fulbright ទៅសិក្សានៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក តាន់ ស៊ីវុត្ថា ជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សាជំនាញ បច្ចេកវិទ្យាអប់រំ នៅសាកលវិទ្យាល័យDelaware នៅសហរដ្ឋអាម៉េរិកតាមរយៈកម្មវិធីអាហារូបករណ៍ Fulbright។ តាមរយៈបទពិសោធន៍កន្លងមក មុននឹងលោក ស៊ីវុត្ថា បានជាប់អាហារូបករណ៍ Fulbright លោកបានប្តេជ្ញាចិត្ត ដុសខាត់សមត្ថភាព ចំណេះដឹង និងបានចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងការបំពេញគ្រប់លក្ខខណ្ឌដើម្បីអាចដាក់ពាក្យរហូតបានជោគជ័យ។

លោក តាន់ ស៊ីវុត្ថា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានស្គាល់ពីអាហារូបករណ៍ Fulbright តាំងពីរៀននៅថ្នាក់វិទ្យាល័យមកម្ល៉េះ ហេតុនេះលោកបានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការបំពេញគ្រប់លក្ខខណ្ឌដើម្បីអាចដាក់ពាក្យរហូតបានជោគជ័យ។ បច្ចុប្បន្នលោក តាន់ ស៊ីវុត្ថា កំពុងតែបន្តការសិក្សាថ្នាក់អនុបណ្ឌិតអប់រំ បច្ចេកវិទ្យាអប់រំ នៅសាកលវិទ្យាល័យDelaware នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីអាហារូបករណ៍ Fulbright ។

លោក តាន់ ស៊ីវុត្ថា បានឲ្យដឹងថា មូលហេតុដែលលោកជ្រើសរើសជំនាញបច្ចេកវិទ្យាអប់រំ ដោយសារតែការស្រឡាញ់វិស័យអប់រំ ហើយមានក្តីស្រមៃចង់ចូលរួមចំណែកក្នុងការលើកកម្ពស់នូវវិស័យអប់រំក្នុងប្រទេសកម្ពុជាដោយសារលោកធ្លាប់ជាគ្រូបង្រៀនម្នាក់ ហើយបានសម្លឹងឃើញនូវភាពលំបាក និងឧបសគ្គនានាដែលគ្រូបង្រៀនភាគច្រើនបានជួបប្រទះ។

បើតាមលោក ស៊ីវុត្ថា សម្រាប់អ្នកដែលមានបំណងក្នុងការដាក់អាហារូបករណ៍នេះបានជោគជ័យគួរតែស្វែងយល់ឱ្យបានច្បាស់នូវលក្ខខណ្ឌនានារបស់កម្មវិធីអាហារូបករណ៍ ហើយប្រសិនបើមានមន្ទិលសង្ស័យត្រង់ចំណុចណាមួយ គួរតែទាក់ទងទៅកាន់កម្មវិធីអាហារូបករណ៍ដោយផ្ទាល់ ឬ សិស្សច្បងដែលជាអតីតជ័យលាភីអាហារូបករណ៍ដើម្បីបានគន្លឹះបន្ថែមទៀតក្នុងការដាក់ពាក្យបានជោគជ័យ។ ដើម្បីអាចជាប់ជាជ័យលាភីអាហារូបករណ៍នេះ យុវជនគួរធ្វើបច្ចុប្បន្នភាព CV ជាប្រចាំអាចស្វែងយល់ពីចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមទៀតមុននឹងអាចដាក់ពាក្យបាន។

លោក ស៊ីវុត្ថា បន្ថែមថា កម្មវិធីអាហារូបករណ៍ Fulbright មានដំណាក់កាលពីរផ្សេងគ្នា គឺ ដំណាក់កាលដាក់ពាក្យអនឡាញ និងដំណាក់កាលសម្ភាសន៍អនឡាញ។ ខាងក្រោមនេះជា អត្ថប្រយោជន៍ដែលទទួលបានពីកម្មវិធីអាហារូបករណ៍ Fulbright រួមមាន ការរ៉ាប់រ៉ងក្នុងសោហ៊ុយធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក,ការរ៉ាប់រ៉ងទៅលើសុខភាព , ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ, ការរ៉ាប់រ៉ងទៅលើថ្លៃសិក្សា, ការទទួលបានឱកាសក្នុងការចូលរួមសិក្ខាសាលា, សកម្មភាព, និងកម្មវិធីបំប៉នសមត្ថភាព, និងចែករំលែកពីវប្បធម៌នានានានៅអាម៉េរិក។

លោក ស៊ីវុត្ថា បានបញ្ជាក់ថា ដើម្បីជាប់ «អាហារូបករណ៍ Fulbright» សូមកុំមានការភ័យខ្លាច ហើយគិតថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ឱ្យសោះ ដរាបណាយើងមានក្តីស្រមៃ ការតាំងចិត្តខ្ពស់ និងជាពិសេសមានការតស៊ូ នោះយើងនឹងទទួលបានលទ្ធផលល្អក្នុងការដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះជាក់ជាមិនខាន។

ជាចុងក្រោយ លោក បានឲ្យដឹងទៀតថា នៅពេលដែលលោកត្រលប់មកកម្ពុជាវិញ លោកនឹងនៅតែបន្តចាប់យកនូវអាជីពជាគ្រូបង្រៀនដដែល ហើយឆ្លៀតពេលទំនេរពីការងារចូលរួមចំណែកក្នុងសកម្មភាពសង្គម ជាពិសេសសកម្មភាពដែលបង្កើតឡើងក្នុងអត្ថន័យលើកកម្ពស់នូវការយល់ដឹង សមត្ថភាព និងជំនាញរបស់យុវជនកម្ពុជា ដើម្បីធ្វើការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីឱ្យយុវជនអាចសម្រេចបាននូវក្តីស្រមៃរបស់ខ្លួន។

សូមជម្រាបថា លោក តាន់ ស៊ីវុត្ថា ជាយុវជនមួយរូបដែលមានសក្តានុពល និងតែងតែចូលរួមក្នុងកម្មវិធីនានាក្នុងការចែករំលែកចំណេះដឹងទៅកាន់យុវជនកម្ពុជាជំនាន់ក្រោយផ្សេងៗជាច្រើន។ លោកជាអតីតនិស្សិតដែលរៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញ នីតិសាស្រ្តជាភាសាអង់គ្លេស និង ជានិស្សិតមកពីវិទ្យាស្ថានភាសាបរទេស ( IFL ) មុខជំនាញអក្សរសាស្រ្តអង់គ្លេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង