Cctimesw1140xh150cm copy

ខេត្តកំពង់ចាម ប្រកាសអស់ការគំរាមកំហែងពី«គ្រាប់មីន»ទាំងស្រុង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីននៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលនៅសល់និងមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិក្នុងខេត្តកំពង់ចាមចំនួន១១ចម្ការមីន មានផ្ទៃដីសរុបចំនួន១.០០៣.១៣៦ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះចំនួន៧១គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយក្នុងកិច្ចប្រតិបត្តិការ ដែលត្រូវបានបិទបញ្ចប់តំបន់មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តកំពង់ចាមទាំងស្រុង។

អង្គភាពស៊ីម៉ាក់បានអនុវត្ត គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ ”ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”នេះ ដែលបានចាប់ផ្ដើមពង្រាយកម្លាំងប្រតិបត្តិការចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

បើទោះបីជា ខេត្តកំពង់ចាមត្រូវបានប្រកាសអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស (នៅទីតាំងដែលបានដឹងនិងមានកំណត់ត្រាក្នុងទិន្នន័យជាតិ) ក៏ពិតមែន ប៉ុន្តែខេត្តកំពង់ចាមក៏នៅមានសេសសល់តំបន់គ្រាប់បែកចង្កោមមានចំនួន២១៨ទីតាំង ស្មើនឹងជាង៤៣គីឡូម៉ែត្រក្រឡា និងទំបន់រងការទម្លាក់គ្រាប់បែកចំនួនជិត៣០០ទីតាំង មានផ្ទៃដីជាង ៦៤,៣០០ហិចតាទៀត មិនទាន់បានបោសសម្អាតនៅឡើយទេ។

សូមបញ្ជាក់ថា ខេត្តកំពង់ចាមមានចម្ការមីនសរុបចំនួន៣៩០ មានផ្ទៃដីសរុបចំនួន៤៣.៩៣៥.២៨០ ម៉ែត្រក្រឡា អង្គភាពCMACបានធ្វើការបោសសម្អាតចម្ការមីនទាំងនោះ ចាប់ពីឆ្នាំ១៩៩៤-២០២២ ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៤.០៧០ គ្រាប់ ក្នុងនោះមានគ្រាប់មីនប្រឆាំងមនុស្សចំនួន៧១៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១២៥គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន១០.១២៨គ្រាប់ ព្រមទាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៣.១០១គ្រាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង