
ចិន៖ថ្ងៃទី ១ ខែកក្កដា គ្រប់មជ្ឈដ្ឋាននៅហុងកុងបានប្រារព្ធធ្វើសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបទី ២៣ នៃការដែលហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ។ ឥស្សរជននៃបណ្តាមជ្ឈដ្ឋានហុងកុង-ម៉ាកាវនិងសាធារណៈមតិហុងកុង-ម៉ាកាវសុទ្ធតែគាំទ្រដល់ការអនុម័តនិងអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង។
ថ្ងៃទី ១ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឧទ្ទេសនាមពីសភាពការណ៍ពាក់ព័ន្ធនឹង«ច្បាប់គាំពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន»។ លោក ZhangXiaoming អនុប្រធានការិយាល័យកិច្ចការហុងកុងម៉ាកាវនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ច្បាប់នេះអាចនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ជា" ទេវតារក្សាឃុំគ្រង " ភាពរុងរឿងនិងស្ថិរភាពនៃហុងកុង។
លោកបានបន្ថែមទៀតថា ច្បាប់នេះបានតាក់តែងឡើងដើម្បីផ្តន្ទាទោសឧក្រិដ្ឋជនមួយក្តាប់តូចដែលបានបំផ្លាញសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ដើម្បីការពារយ៉ាងពេញលេញដល់សុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិ សិទ្ធិនិងសេរីភាពគ្រប់បែបយ៉ាងរបស់អ្នករស់នៅនិងប្រកបអាជីពនៅហុងកុង ហើយសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃអ្នកវិនិយោគបរទេសនៅហុងកុងក៏អាចទទួលបានការធានារ៉ាប់រ៉ងយ៉ាងពេញលេញផងដែរ។ ពេលវេលានិងការពិតនឹងបញ្ជាក់ពីសារៈសំខាន់និងតម្លៃនៃច្បាប់នេះ៕