
ភ្នំពេញ៖ ក្រសួងអប់រំ កាលពីថ្ងៃទី១៦ កុម្ភៈ បានធ្វើការក្រើនរំលឹកសារជាថ្មី ក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅក្នុងគ្រឹះស្ថានសិក្សា។ ការធ្វើដូច្នេះ ក្រោយឃើញថាសិស្សានុសិស្សនៅតាមគ្រឹះស្ថានមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានដល់សន្លប់។
ក្នុងហ្វេសប៊ុករបស់ក្រសួងអប់រំ បានបង្ហោះជាមួយនឹងការភ្ជាប់នូវរូបភាព ក្នុងការហាមឃាត់ក្នុងការលក់ដូរ ប្រភេទ នំ ចំណីអាហារ ដែលមិនមានសុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនផងដែរ។
តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា អាការៈទាំងនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព គ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិនទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។
គួរបញ្ជាក់ថា កន្លងទៅក្រសួងអប់រំ បានធ្វើការណែនាំដល់មន្ទីរអប់រំរាជធានី-ខេត្ត ការិយាល័យអប់រំ និង គ្រឹះស្ថានសិក្សា ឱ្យធ្វើការអប់រំផ្សព្វផ្សាយពាក់ព័ន្ធការលក់ដូរចំណីអាហារតាមគ្រឹះស្ថានកិច្ចរដ្ឋ និង ឯកជននានា និង ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ស្ដីពីការលើកកម្ពស់សុវត្ថិភាពនិងសុខុមាល ភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួនឱ្យបានល្អ។
ចំណីអាហារ ដែលក្រសួងធ្វើការហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា ជាប្រភេទចំណីអាហារដលមានហានិភ័យខ្ពស់ចំពោះសុខភាព ចំណីអាហារដែលមិនស្គាល់ប្រភពផលិតច្បាស់លាស់ ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ ចំណីអាហារដែលមានជាតិស្ករខ្ពស់ និងចំណីអាហារមានជាតិប្រៃខ្លាំង៕