Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

អាល្លឺម៉ង់ នឹងនៅតែគាំទ្រប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖  SPM Page

ភ្នំពេញ៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលលោក ជួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដោយស្មោះចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យជាច្រើន រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ វិមជ្ឈការ កំណែទម្រង់ដីធ្លី ។ល។ ព្រមទាំងការរួមចំណែកដ៏សំខាន់នាពេលថ្មីៗនេះ ក្នុងផែនការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលចំពោះវិបត្តិកូវីដ-១៩ ដែលបានជួយឱ្យកម្ពុជាយកឈ្នះលើជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញទាំងស្រុង។

ចំណែក លោកប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានកោតសរសើរយ៉ាងខ្លំាងចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងរយៈកាលជាង ២៥ឆ្នាំ កន្លងមកនេះ និងសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។

«ក្នុងអំឡុងពេលនៃកិច្ចសន្ទនា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅថា ក្នុងចំណោមប្រទេសសហភាពអឺរ៉ុបទាំង ២៧ ប្រទេសអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់កម្ពុជា។ សម្ដេចតេចជោ ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់សកម្មភាពដោះមីននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក និង បានជម្រាបជូនឯកឧត្តមប្រធានាធិបតី ថា កម្ពុជាបានដាក់គោលដៅក្លាយជាប្រទេសគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។ ឯកឧត្តមប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានឆ្លើយបញ្ជាក់វិញដោយក្តីរីករាយថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ»។ នេះបើតាម ការបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

គួរបញ្ជាក់ថា លោកប្រធានាធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចវិបុល សាយ ឈុំ ប្រមុខរដ្ឋស្តីទី ហើយក៏ជាទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់លើកដំបូង នៅក្នុងប្រទេសកម្ពុជាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង