
ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៥ កុម្ភៈ បានសំដែងនូវការសោកស្តាយ និង មិនគាំទ្រចំពោះសកម្មភាព ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ត្រីខ្មែរ។ការសោកស្តាយនេះ ធ្វើឡើងក្រោយពីថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជាពិសេសលោកផែង វណ្ណៈ បានជេរប្រមាថលើអ្នកសារព័ត៌មានស្រ្តីរបស់ VOD តាមបណ្តាញសង្គម ហើយទទួលការរិះគន់ពីមហាជនទូទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងកិច្ចការនារី បានសង្កេតឃើញថា បច្ចុប្បន្ននេះ មានការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និង សីលធម៌ តាមបណ្ដាញទំនាក់ទំនងសង្គម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងកិច្ចការនារី បានសំដែងនូវការសោកស្តាយ និង មិនគាំទ្រចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រោះវាជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរ ទ្រូងរបស់ប្រទេសជាតិ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងកិច្ចការនារីពេលនេះ ធ្វើឡើងក្រោយពីលោក ផែង វណ្ណៈ ជនល្បីល្បាយតាមបណ្តាញសង្គម បានសរសេររិះគន់ស្ត្រីអ្នកសារព័ត៌មានVOD ជាមួយនឹងខ្លឹមសារបន្ទាបតម្លៃស្ត្រី បន្ទាប់ពីបានរាយការណ៍និងចេញផ្សាយអត្ថបទក្រោមចំណង់ជើងថា៖ «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
មន្ត្រីសង្គមស៊ីវិល អ្នកវិភាគ និង អ្នកសារព័ត៌មានមួយចំនួន បានបង្ហាញក្តីមិនពេញចិត្តចំពោះលោក ផែង វណ្ណៈ ហើយបានចាត់ទុកពាក្យសម្ដីលោក ផែង វណ្ណៈ ដើរផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាលដែលតែងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តីកម្ពុជា៕