
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំ ទិវាមួយម៉ោងសម្រាប់ភពផែនដី នាថ្ងៃទី២៥ មីនា ក្នុងគោលបំណងរួមចំណែកមួយក្នុងការគាំពារដល់បរិស្ថានកម្ពុជានិងសកល ដោយការបិទភ្លើងមួយម៉ោង។ ការដែលលះបង់ពេលវេលាមួយដើម្បីភពផែនដី ក៏បានចូលរួមជួយកាត់បន្ថយផលប៉ះពាល់ផ្សេងៗ មកលើភពផែនដី ផងដែរ។ ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងប្រព្តឹត្តិទៅនៅ FACTORY Phnom Penh នាថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨:០០ ព្រឹកតទៅ។
ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន សហការជាមួយអង្គការ WWF ក្នុងការរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី ដោយមានការចូលរួមដោយសិល្បករ សិល្បការនី សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ទិវាមួយម៉ោងសម្រាប់ភពផែនដី រៀបចំក្នុងគោលបំណងផ្ដល់នូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារភពផែនដី និងគិតអំពីការសន្សំសំចៃផ្នែកចរន្ដអគ្គីសនី។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ដថា អ្វីដែលផ្ដោតសំខាន់សម្រាប់ ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជា នឹងបិទភ្លើងមួយម៉ោង ដោយប្រើប្រាស់ប្រព័ន្ធសូឡា ដើម្បីជំរុញបន្ថែមលើការប្រើប្រាស់នូវថាមពលស្អាត។ ហើយទិវានេះ ក៏ជាការរំលឹកគុណទៅដល់ភពផែនដី ដែលពួកយើងបានរស់នៅ មានទាំងអាហារ សន្ដិសុខស្បៀង ខ្យល់សម្រាប់ដកដង្ហើម និងធនធានធម្មជាតិ សម្រាប់ប្រើប្រាស់។
គួរបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី បានចាប់ផ្តើមនៅឆ្នាំ ២០០៧ គឺជាចលនាបរិស្ថានសកលក្នុងការកៀងគការចូលរួមពីមនុស្សគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបម្រែបម្រួលអាកាសធាតុ និងបញ្ហាបរិស្ថានផ្សេងទៀត ធ្វើយ៉ាងណាការពារផែនដីដែលជាផ្ទះរបស់យើងទាំងអស់គ្នា។ ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅប្រទេសកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ពេញនិយមមួយដែលបំផុសការចូលរួមពីប្រជាជនកម្ពុជា ជាពិសេសយុវជនក្នុងការការពារបរិស្ថាន និងធម្មជាតិ៕