Yearendyearend1140x150

សត្វត្មាតក្នុងប្រទេសកម្ពុជានៅសល់ប្រមាណ១២០ក្បាលប៉ុណ្ណោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ គម្រោងUSAID ព្រៃឡង់បៃតង

ភ្នំពេញ៖ ជំរឿនប្រចាំត្រីមាសត្រូវបានធ្វើឡើងក្នុងអំឡុងពេលធ្វើអាហារដ្ឋានត្មាតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សត្វត្មាតចំនួន១៧ក្បាល ត្រូវបានរាប់នៅដែនជម្រកសត្វព្រៃឆែប ដែលមានសត្វត្មាតផេះ សត្វត្មាតត្នោត និងសត្វត្មាតភ្លើង។ នៅទូទាំងប្រទេសកម្ពុជាក្នុងថ្ងៃតែមួយ ការរាប់ស្ថិតិសត្វត្មាតត្រូវបានធ្វើឡើងនៅកន្លែងដែលមានសត្វត្មាតរស់នៅទាំងអស់។ ចំនួនសត្វត្មាតសរុបនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណតែ ១២០ក្បាលប៉ុណ្ណោះ។ ទិន្នន័យពីការស្ទង់មតិប្រចាំត្រីមាសទាំងនេះត្រូវបានប្រមូលដោយក្រុមការងារសត្វត្មាតកម្ពុជា។

ចំនួនសត្វត្មាតទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ដែនជម្រកសត្វព្រៃឆែប នៅភាគខាងជើងនៃប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ ការគំរាមកំហែងចម្បងដែលប្រឈមមុខនឹងសត្វត្មាតនៅកម្ពុជា គឺការបំពុល និងកង្វះអាហារ។ ដើម្បីដោះស្រាយការគំរាមកំហែងទាំងនេះ គម្រោងUSAID ព្រៃឡង់បៃតងបានធ្វើ «អាហារដ្ឋានត្មាត» នៅក្នុងដែនជម្រកសត្វព្រៃឆែប។ អាហារដ្ឋានត្មាត ដែលជាកន្លែងដែលគេដាក់សាកសពសត្វគោធ្វើជាចំណីអោយសត្វត្មាត មានគោលបំណង ផ្តល់ចំណីឱ្យសត្វត្មាតដើម្បីកុំអោយពួកវាស្លាប់ដោយសារអត់ចំណី អោយពួកវាមកស៊ីនៅកន្លែងតែមួយ ជាជាង ស៊ីសត្វព្រៃដែលអាចត្រូវបានគេបំពុលនៅក្នុងព្រៃ និង ដើម្បីរាប់ចំនួនរបស់ពួកវា។

រូបភាព៖ គម្រោងUSAID ព្រៃឡង់បៃតង

អាហារដ្ឋានត្មាតក៏ផ្តល់ឱកាសសម្រាប់អ្នកទេសចរក្នុងការមើលសត្វត្មាតពីកន្លែងដែលមានទីតាំងនៅជិតកន្លែងផ្តល់ចំណី។ អាហារដ្ឋានត្មាតត្រូវបានធ្វើឡើងពីរដងក្នុងមួយខែ ហើយអាចមានចំនួនលើសហ្នឹងប្រសិនបើមានអ្នកទស្សនាច្រើនចង់ទៅមើលសត្វត្មាត។ ជំរឿនប្រចាំត្រីមាសត្រូវបានធ្វើឡើងក្នុងអំឡុងពេលធ្វើអាហារដ្ឋានត្មាតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សត្វត្មាតចំនួន១៧ក្បាល ត្រូវបានរាប់នៅដែនជម្រកសត្វព្រៃឆែប ដែលរួមមានសត្វត្មាតផេះចំនួន១០ក្បាល សត្វត្មាតត្នោតចំនួន៤ និងសត្វត្មាតភ្លើង៣ក្បាល ។ នៅទូទាំងប្រទេសកម្ពុជាក្នុងថ្ងៃតែមួយ ការរាប់ស្ថិតិសត្វត្មាតត្រូវបានធ្វើឡើងនៅកន្លែងដែលមានសត្វត្មាតរស់នៅទាំងអស់។ ចំនួនសត្វត្មាតសរុបនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណតែ ១២០ក្បាលប៉ុណ្ណោះ។ ទិន្នន័យពីការស្ទង់មតិប្រចាំត្រីមាសទាំងនេះត្រូវបានប្រមូលដោយក្រុមការងារសត្វត្មាតកម្ពុជា។

អាហារដ្ឋានត្មាតដែលគាំទ្រដោយគម្រោងUSAID ព្រៃឡង់បៃតងកំពុងជួយទប់ស្កាត់មិនអោយសត្វត្មាតក្នុងប្រទេសកម្ពុជា មានការបាត់បង់ផុតពូជ។ បន្ថែមពីលើការធ្វើអាហារដ្ឋានត្មាត គម្រោងUSAIDព្រៃឡង់បៃតង ផ្តល់ការលើកកម្ពស់ការយល់ដឹងអំពីការបំពុលសត្វព្រៃទៅដល់សហគមន៍មូលដ្ឋាន និងគាំទ្រដល់ការយាមត្រពាំងថ្លុកមិនអោយមានការបំពុលសត្វ និងកម្មវិធីការពារសំបុកបក្សីដោយសហគមន៍មូលដ្ឋាន។ ការការពារសត្វត្មាតជួយធ្វើអោយ ភាគខាងជើងនៃប្រទេសកម្ពុជានៅតែជាគោលដៅអេកូទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក ដែលបង្កើតជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន៕

រូបភាព៖ គម្រោងUSAID ព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង