Cctime 6monthsfree desktop
Cc times  web banner kh (2)

របងនៅឆ្នេរអូរឈើទាល ត្រូវបានវាយចោល ក្រោយមានការសម្របសម្រួលពីសម្តេច ហ៊ុន សែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ របងនៅតាមឆ្នេរអូរឈើទាលដែលគេប្រទះឃើញមានការសាងសង់ ត្រូវបានវាយចោល ក្រោយទទួលគោលការណ៍ពីសម្តេច ហ៊ុន សែន ក្នុងការសម្របសម្រួលជាមួយនឹងម្ចាស់កម្មសិទ្ធក្នុងការវាយរបង និងកែសម្រួលរបងប៉ែកខាងសមុទ្រ។ នេះបើតាមការលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ពីដើមទីតាំងនេះមានរបងហ៊ុព័ទ្ធជារបងចាស់ ក្រោយមកម្ចាស់កម្មសិទ្ធសុំច្បាប់សាងសង់របងថ្មី។ ឥឡូវនេះទីតាំងរបងថ្មីរបស់ម្ចាស់កម្មសិទ្ធ ត្រូវបានរុះនៅជ្រុងផ្នែកឆ្នេរ ក្រោយមានការសម្របសម្រួលពីសម្តេច ហ៊ុន សែន។

ជាការគត់សម្គាល់ ការសម្រេចវាយកម្ទេចចោលរបងប៉ែកខាងសមុទ្រពេលនេះ ធ្វើឡើងក្រោយមានការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងការសាងសង់សំណង់របងថ្មនៅលើឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ និង បានចាត់ទុកថា ការសាងសង់របងថ្មនោះគឺខុសច្បាប់ និង ខុសពីសារាចរណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលធ្វើឲ្យប៉ះពាល់សោភ័ណភាពឆ្នេរកម្ពុជា និង បាត់បង់ដល់ការបម្រើប្រយោជន៍សាធារណៈ។

តែយ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងអ្នកសារព័ត៌មានថា ទីតាំងដីដែលឃើញមានការសាងសង់របងថ្មនោះ គឺជាដីរបស់អតីតវីរៈនគរបាលព្រំដែនទឹកដែលមានទំហំ៨៤០០ម៉ែត្រការ៉េ និង បានឆ្លងកាត់នីតិវិធីកសាងបណ្ណកម្មសិទ្ធិស្របតាមច្បាប់ទៅឲ្យឯកជនរួចរាល់អស់ហើយ។ហើយការងារនេះ គឺវាផុតដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តហើយ។

ទាក់ទងនឹងម្ចាស់កម្មសិទ្ធិមកដល់ពេលនេះ គេនៅមិនទាន់ដឹងតើអ្នកណាជាម្ចាស់ឱ្យប្រាកដនោះទេ ខណៈទាំងមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋ ពុំមានអ្នកណាហ៊ានអះអាងពីម្ចាស់កម្មសិទ្ធិនៃរបងដែលកំពុងតែហ៊ុមព័ទ្ធស្របឆ្នេរខ្សាច់ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះបាននៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង