តួកគី៖ មនុស្សជាង ១ម៉ឺននាក់ឥឡូវនេះត្រូវបានបញ្ជាក់ថាត្រូវបានស្លាប់គិតត្រឹមថ្ងៃពុធបន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានវាយលុកផ្នែកមួយចំនួននៃប្រទេសតួកគី និងស៊ីរីស៊ីរីកាលពីព្រឹកថ្ងៃចន្ទខណៈពេលដែលប្រទេសជាច្រើនទៀតកំពុងបង្កើនការគាំទ្រនិងផ្តល់ជំនួយផ្សេងៗជាច្រើនដល់ប្រទេសដែលកំពុងតែរងគ្រោះ។
ប្រធានាធិបតីតួកគីគីលោក Erdogan បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅតំបន់ជាច្រើនក្នុងប្រទេសតួកគី បានកើនឡើងដល់ ៨,៥៧៤នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរួមជាមួយនឹងអ្នកស្លាប់នៅក្នុងប្រទេសស៊ីរីកើនឡើងដល់ជាង ១១,០០០នាក់ ។
យោងតាមអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសដែលរងផលប៉ះពាល់ទាំងពីរ មនុស្សជាង ៤៥.០០០ នាក់បានរងរបួស។ ចំនួនអ្នកស្លាប់ទំនងជាកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសតួកគីដោយសារតែការខូចខាតយ៉ាងយ៉ាងខ្លាំង និងគ្រោះរញ្ជួយដីបានវាយប្រហារទូទាំងខេត្តចំនួន ១០ ជាមួយនឹងអគារជិត ៦,០០០ ត្រូវបានរងការខូចខាត។ ក្រុមជួយសង្គ្រោះកំពុងតែបន្តប្រតិបត្តិការរបស់ខ្លួនដើម្បីស្វែងរកអ្នកដែលជាប់គាំងក្នុងគំនរបែកបាក់នៃអាគារ។
ខេត្ត Hatay ភាគខាងត្បូងនៃប្រទេស តួកគី ដែលមានព្រំប្រទល់ជាប់ប្រទេសស៊ីរី និងបានទទួលរងការបាត់បង់ជីវិតខ្ពស់បំផុតក្នុងការរញ្ជួយដីនោះ កំពុងជួបបញ្ហាកង្វះកម្លាំងជួយសង្គ្រោះ និងកង្វះឧបករណ៍។ ការរញ្ជួយដីបានបំបែកបំពង់បង្ហូរប្រេង និងរបាំងការពារ ដែលបណ្តាលឲ្យទឹកនៅតំបន់នោះហូរចូលនិងលិចលង់បន្ថែមទៀត។
បន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះ និងសន្យាផ្តល់ជំនួយដល់ប្រទេសទាំងពីរ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ក្រុមជួយសង្គ្រោះចិនបានមកដល់ទីក្រុង Adana ភាគខាងត្បូងប្រទេសតួកគី ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
រដ្ឋាភិបាលនៃប្រទេសស៊ុយអែតក៏បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្តល់ជំនួយបន្ថែម ២.៨ លានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រទេសដែលរងគ្រោះដោយរញ្ជួយដី។ចំណែក ប្រទេសកម្ពុជាក៏បានប្រកាសថាខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០,០០០ ដុល្លារអាម៉េរិកដល់ប្រទេសតួកគីផងដែរ៕