Cctimesw1140xh150cm copy

យុវតី ទេពី៖ខ្ញុំចំណាយពេលច្រើនណាស់ទម្រាំដឹងថាខ្លួនឯងមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងវ័យ១៧ឆ្នាំ យុវតី ណារិន រតនាទេពី បានចំណាយពេលជាច្រើន ដើម្បីស្វែងរកនូវចំណាប់អារម្មណ៍របស់ខ្លួន ក៏ដូចជាជំនាញដែលត្រូវសិក្សានាពេលអនាគត រហូតដឹងថាខ្លួនមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា នូវថ្នាក់ទី៩។ បច្ចុប្បន្នយុវតីរូបនេះ បាននឹងកំពុងតែដំណើរការគម្រោងមួយមានឈ្មោះថា «Teen4 Tech» ក្នុងគោលបំណង ចែករំលែកចំណេះដឹងអំពីវិទ្យាសាស្រ្តកុំព្យូទ័រ និងការសរសេរកូដ ក៏ដូចជាបង្កើតនូវសមាគមន៍សិស្សដែលមានចំណាប់អារម្មណ៍ដូចគ្នា។

យុវតី ណារិន រតនាទេពី មានអាយុ១៧ឆ្នាំ និងមានទីកន្លែងកំណើតនៅភ្នំពេញ។ បច្ចុប្បន្នយុវតីរូបនេះ ជាសិស្សថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។ យុវតី ទេពី បាននឹងកំពុងដំណើរការគម្រោងមួយមានឈ្មោះថា «Teen4 Tech» ដែលជាគម្រោងក្លឹបសិក្សាវិទ្យាសាស្រ្តកុំព្យូទ័រមួយសម្រាប់សិស្សថ្នាក់វិទ្យាល័យ ដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា។ ទេពី បានចាប់ផ្តើមគម្រោងនេះ នៅក្នុងខ តុលា ឆ្នាំ២០២២ ដោយចាប់ផ្តើមពីការបង្កើតនូវ Juniors 2022 ដែលជាសិក្ខាសិលារៀនសរសេរកូដ និងមានលក្ខណៈជា Hackathon។

យុវតី ទេពី បានប្រាប់ស៊ីស៊ីថាមស៍ថា តាមរយៈគម្រោងនេះ នឹងចែករំលែកចំណេះដឹងពីវិទ្យាសាស្រ្តកុំព្យូទ័រនិងការសរសេរកូដ ក៏ដូចជាបង្កើតនូវសមាគមន៍សិស្សដែលមានចំណាប់អារម្មណ៍ដូចគ្នា។ បន្ថែមពីនេះ ក្នុងការបង្កើតគម្រោងនេះឡើងគឺនៅពេលដែល ទេពី ទទួលបានសំណួរមួយពី យុវតីម្នាក់ដែលជាសិស្សវិទ្យាល័យ បានសួរទេពីថា «តើគាត់ត្រូវធ្វើយ៉ាងណាទៅបើគាត់ចូលចិត្តជំនាញសរសេរកម្មវិធី (Program) តែម៉ាក់ប៉ារបស់គាត់មិនយល់ស្រប?»។ នៅពេលនោះទេពី មិនដឹងថាត្រូវឆ្លើយអ្វីប្រាប់គេទេ ព្រោះប៉ាម៉ាក់ខ្លួនគ្រាំទ្រទាំងស្រុងតាំងពីដើមមក។

យុវតី ទេពី បានបន្ដថា មនុស្សភាគច្រើនមានការយល់ដឹងតិចតួចពីមុខជំនាញនេះ ហើយចំនួនសិស្សស្រីនៅក្នុងវិស័យនេះក៏នៅមានចំនួនតិចជាងសិស្សប្រុសខ្លាំង។ ដូចនេះហើយបានជាយុវតីក្នុងវិស័យនេះមិនសូវមានជំនឿចិត្តលើខ្លួនឯង បន្ថែមពីនេះទៀតពួកគេក៏ខ្វះការគាំទ្រពីគ្រួសារ ទើបក្លាយជាមូលហេតុសម្រាប់ខ្លួន ក្នុងការចង់បង្កើតក្លឹបមួយនេះដើម្បីចែករំលែកចំណេះដឹង និងគាំទ្រដល់សិស្សានុសិស្សទាំងពីរភេទដែលស្រឡាញ់មុខជំនាញនេះ។

ទាក់ទងនឹងផលវិបាកនៅក្នុងវិស័យបច្ចេកវិទ្យា យុវតី ទេពី បានឱ្យដឹងថា ផ្នត់គំនិតរបស់បុគ្គលមួយចំនួនដែលគិតថាស្រ្តីមិនអាចធ្វើការងារក្នុងវិស័យបច្ចេកវិទ្យាដូចមនុស្សប្រុស។ ហើយអ្នកដែលធ្វើការរិះគន់បែបនេះភាគច្រើនមិនមែនជាអ្នកធ្វើការក្នុងវិស័យវិស័យបច្ចេកវិទ្យានោះទេ។ បន្ថែមពីនេះ គឺការដែលពេលខ្លះសមត្ថភាពរបស់ខ្លួនមិនត្រូវបានគេទទួលស្គាល់ តែបែរជាយល់ថាដោយសារខ្លួនជាក្មេងស្រីទើបគេផ្តល់ឱកាសឲ្យទទួលបានភាពជោគជ័យលើគម្រោងដែលបានធ្វើ។

យុវតីវ័យ១៧ឆ្នាំរូបនេះ បានឱ្យដឹងថា ខ្លួនមិនដែលគិតថានឹងមកធ្វើការងារសរសរកូដឬការងារដែលទាក់ទងនឹងបច្ចេកវិទ្យាទេព្រោះកាលពីនៅតូច ខ្លួនមានគោលបំណងចង់ក្លាយជាអ្នករចនាម៉ូតសំលៀកបំពាក់តែមួយគត់។ ប៉ុន្ដែអំឡុងពេលសិក្សានៅបឋមសិក្សា ក៏មានការចាប់អារម្មណ៍លើបច្ចេកវិទ្យា ដោយសារពេលនោះខ្លួនបានឃើញពូរបស់ខ្លួន ដែលជាអ្នកជំនាញខាងវិទ្យាសាស្រ្តកុំព្យូទ័រ កំពុងធ្វើការជាមួយកុំព្យូទ័ររបស់គាត់។ ហើយតែងតែមើលគាត់ធ្វើការ ដែលពេលនោះគ្រាន់តែឆ្ងល់ចង់ដឹងចង់ឮតែប៉ុណ្ណោះ។

នៅពេលចូលរៀននៅអនុវិទ្យាល័យ ទើប ទេពី ប្តូរគោលដៅអាជីពក្នុងក្តីស្រម៉ៃរបស់ខ្លួន ពីព្រោះខ្លួនចូលចិត្តការរចនាម៉ូដសំលៀកបំពាក់ ប៉ុន្តែមិនចូលចិត្តការកាត់ដេរ និងដេរប៉ាក់នោះទេ។ ដូច្នេះ ទេពី ក៏បានសាកល្បងគូរគំនូរ ធ្វើក្រាហ្វិកដែលបាននាំខ្លួនមកស្គាល់ពី UI/UX Design និងកូដ។ ទេពី បានចំណាយពេលជាច្រើន ទម្រាំតែដឹងថាខ្លួនឯងចង់រៀនជំនាញអ្វី ហើយក៏បានចាប់ផ្តើមមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យានេះតាំងពីថ្នាក់ទី ៩ ហើយបានររៀនសរសេរកូដរហូតមកដល់បច្ចុប្បន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង