ចិន៖ ក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យម្សិលមិញ បានចេញមុខតវ៉ាយ៉ាងខ្លាំងៗ ចំពោះទង្វើរបស់សហរដ្ឋអាម៉េរិកដែលបានសម្រេចចិត្តបាញ់ទម្លាក់«បាឡុង»ស៊ីវិលរបស់ខ្លួនក្រោយហោះចូលដីអាម៉េរិកដោយចៃដន្យ។មហាអំណាចអាស៊ីមួយនេះ បានចាត់ទុកទង្វើរបស់សហរដ្ឋអាម៉េរិកថា "ជាទង្វើហួសហេតុ មិនអាចទទួលយកបាន" ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន បានសម្តែងការតវ៉ា និងប្រកាសប្រឆាំងជាដាច់ខាត ចំពោះការបាញ់ទម្លាក់«បាឡុង»របស់ចិន ហើយចិនប្រកាសរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយចាំបាច់ណាមួយ ដើម្បីដោះស្រាយស្ថានភាពស្រដៀងគ្នានៅពេលខាងមុខ។
បើតាមលោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានពន្យល់ថា បាឡុងនេះជាបាឡុងស៊ីវិល ប្រើសម្រាប់សិក្សាទៅលើអាកាសធាតុ ហើយហោះចូលទឹកដីអាម៉េរិកដោយអចេតនា។លោកបានចាត់ទុកការប្រើកម្លាំងទ័ពបាញ់ទម្លាក់បាឡុងដោយសហរដ្ឋអាម៉េរិកនេះថា ជាទង្វើជ្រុលហួសហេតុ ហើយថា ចិនរក្សាសិទ្ធិក្នុងការចាត់វិធានការតបតវិញចំពោះទង្វើនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាម៉េរិក បានសម្រេចចិត្តបញ្ជាឱ្យបាញ់ទម្លាក់«បាឡុង»របស់ចិន ក្រោយពីបាឡុងយក្សនេះបានហោះចូលទឹកដីអាម៉េរិក។ការបាញ់ទម្លាក់នេះដោយប្រើ មីស៊ីលបាញ់ចេញពីយន្តហោះចម្បាំងទំនើបធុន F-22 ក្រោយពេលបាឡុង បានហោះចេញពីផុតពីដីគោក ចូលទៅដល់មហាសមុទ្រអាត្លង់ទិក។ចំពោះបំណែកបាឡុងនេះនឹងត្រូវគេបញ្ជូនទៅឲ្យទីភ្នាក់ងារ FBI ដែលជាទីភ្នាក់ងារជំនាញខាងប្រឆាំងចារកិច្ច ដើម្បីសិក្សាលម្អិត៕