ភ្នំពេញ៖ របាំក្ងោក នឹងមានវត្តមានក្នុងក្បួនដង្ហែឈីងហ្គេ នៅសាធារណរដ្ឋសិង្ហបុរី ឆាប់ៗនេះ។ របាំនេះជាផ្នែកមួយនៃការសម្តែងរបស់ប្រតិភូសម្តែងរបស់កម្ពុជាក្រោមចំណងជើងថា «ក្តីសង្ឃឹមរបស់យើង»។ ក្បួនដង្ហែឈីងហ្គេ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ កុម្ភៈ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។
ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀង រាល់ឆ្នាំដោយ ដោយសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយក រដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ ចម្រុះ។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ នេះ ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នឹងរៀបចំឡើងដោយមានការរំពឹងទុកអ្នកចូលរួមជាង ១០.០០០ រួមទាំងអ្នកសិល្បៈជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន នៅក្នុងក្បួនដង្ហែ «ឈីងហ្គេ» ដែលជាការបង្ហាញសិល្បៈសហគមន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋសិង្ហបុរី។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គឆ្នាំ២០២៣» នឹងប្រារព្ធឡើងក្រោមប្រធានបទ «Embrace Tomorrow» ហើយប្រទេសកម្ពុជាបានត្រៀមនូវការសម្តែងដ៏ពិសេសមួយក្រោមប្រធានបទ «ក្តីសង្ឃឹមរបស់យើង» ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក ដើម្បីយកទៅសម្ដែងជូនដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែរដោយផ្ទាល់ ឬ ទស្សនាតាមការផ្សព្វផ្សាយនានា។
«ក្ដីសង្ឃឹមរបស់យើង» បង្ហាញពីក្ដីសង្ឃឹមរបស់ប្រជាជនកម្ពុជាសម្រាប់ប្រទេសជាតិ និងពិភពលោក ឬបានន័យថាកម្ពុជាជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា។ ចូលរួមទាំងអស់គ្នាដើម្បីជាតិ និងប្រជាជនកម្ពុជា។ ការសម្តែងនេះ គឺជាការរួមផ្សំនៃរបាំបុរាណខ្មែរ របាំសហសម័យ និងការសម្តែងសៀក។ ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីក្ដីសង្ឃឹមរបស់កម្ពុជាក្នុងការរស់នៅប្រកបដោយភាតរភាព សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍ នៃមហាគ្រួសារខ្មែរ។
គួរបញ្ជាក់ថា កម្ពុជាធ្លាប់បានចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ចំនួនពីរលើករួចមកហើយ។ នៅក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រតិភូកម្ពុជាបានចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ «សុខដុមក្នុងភាពចម្រុះនៃវប្បធម៌»។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណី និង របាំរហ័សសម័យចំនួន៥ទម្រង់ រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ «ភាពសុខដុម»៕