
ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើងនាថ្ងៃព្រហស្បតិ៍នេះបានគូសបញ្ជាក់ថាសមយុទ្ធរួមគ្នាដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានរុញច្រានស្ថានការណ៍ទៅជា "ខ្សែបន្ទាត់ក្រហមដ៏គ្រោះថ្នាក់បំផុតមួយ" ហើយអាម៉េរិកព្យាយាមយកឧបទ្វីបកូរ៉េទៅជា "ឃ្លាំងអាវុធសង្គ្រាមដ៏ធំ" របស់ខ្លួន។
មន្រ្តីនាំនាំពាក្យកូរ៉េខាងជើងមិនបញ្ចេញឈ្មោះម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ស្ថានភាពយោធា និងនយោបាយនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់បានឈានដល់បន្ទាត់ក្រហមខ្លាំងដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយយោធាអាម៉េរិក និងកូរ៉េខាងត្បូង" ។ សេចក្តីថ្លែងការណ៍របស់មន្រ្តីកូរ៉េខាងជើងនេះបានលើកឡើងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះដោយរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Lloyd Austin។
កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Austin និងសមភាគីកូរ៉េខាងត្បូងបានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងដាក់ពង្រាយ "ទ័ពបន្ថែមទៀតដើម្បីរក្សាសណ្តាប់ធ្នាប់នៅតំបន់ជម្លោះ"។ កាលពីថ្ងៃពុធ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាមួយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B របស់អាម៉េរិក និងយន្តហោះចម្បាំងបំបាំងកាយ F-22 ក៏ដូចជាយន្តហោះ F-35 របស់ប្រទេសទាំងពីរ។
មន្រ្តីកូរ៉េខាងជើងចាត់ទុកថាសមយុទ្ធ "នេះគឺជាការបញ្ចេញសកម្មភាពដ៏គ្រោះថ្នាក់របស់សហរដ្ឋអាម៉េរិក ដែលនឹងនាំឱ្យមានការប្រែក្លាយឧបទ្វីបកូរ៉េទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមដ៏ធ្ងន់ធ្ងរជាងគេនៅអាស៊ី"។
អ្នកនាំពាក្យកូរ៉េខាងជើងបានថ្កោលទោសនឹងឆ្លើយតបភ្លាមៗចំពោះចលនាយោធាណាមួយរបស់សហរដ្ឋអាម៉េរិក ដោយកូរ៉េខាងជើងនិងប្រើ"កម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត" ប្រសិនបើចាំបាច់៕