Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន AIA Cambodia រៀបចំបើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia នៅថ្ងៃទី២៩មករា ក្នុងការរៀបចំបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League សម្រាប់រដូវកាលថ្មី នៅភ្នំពេញ។ ក្នុងការប្រកាសពីកិច្ច សហការដ៏យូរអង្វែងរបស់ខ្លួនសម្រាប់ឆ្នាំថ្មីនេះ ដែលជាឆ្នាំទី៦ហើយនៃព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League។

ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់នេះ បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន AIA Stadium, KMH Park ក្នុងរាជធានីភ្នំពេញ ។ កិច្ចសហការនេះមានគោល បំណងរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅថ្នាក់មូលដ្ឋាន ក៏ដូចជាផ្តល់ឱកាស ដល់កុមារ និងយុវជនក្រីក្រ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន និងសម្រេចក្តីស្រមៃរបស់ពួកគេទៀតផង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League គឺជាការប្រកួតបាល់ទាត់ ថ្នាក់មូលដ្ឋានធំជាងគេបង្អស់ ដែលផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាក្រីក្រ ក្នុងការលេងកីឡា ក្នុងបរិស្ថានមួយដ៏សុវត្ថិភាព ។ ដោយមានការប្តេជ្ញាចិត្តជួយកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើៗគ្នាដល់កុមារក្រីក្រឲ្យទទួលបានការអប់រំ សេវាថែទាំសុខភាព និងការលេងកីឡា អង្គការផ្កាយសមុទ្រ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនៅកម្ពុជាបានធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតដ៏ធំបំផុតមួយគឺក្រុមហ៊ុន AIA Cambodia ។

ភាពជាដៃគូមួយនេះត្រូវបានបង្កើតឡើងតាំង ពីឆ្នាំ២០១៧មកម្ល៉េះ ដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានធ្វើការជាមួយគ្នាយ៉ាងសស្រាក់សស្រាំជួយឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងជីវិតកាន់តែ ប្រសើរ ។

ក្នុងឆ្នាំនេះទៀតសោត ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League នៅរាជធានីភ្នំពេញ ទទួលបានការចូលរួមពីប្អូនៗកីឡាករកីឡាការនីសរុបចំនួន ៧២ក្រុម ដែលក្រុមនីមួយៗ សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់យ៉ាងអស់ពីកម្លាំងកាយចិត្ត និងត្រៀមខ្លួនរួច ជាស្រេចក្នុងការបង្ហាញទេពកោសល្យរៀងៗខ្លួន ដើម្បីដណ្តើមយកជ័យលាភីក្នុងការប្រកួតដ៏ធំមួយនេះ ។

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia មានក្តីរំភើបរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសជាព័ត៌មានថានៅក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA - ISF Youth League នឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីនៅទូទាំងប្រទេសកម្ពុជា សរុបជិត ១,៥០០ នាក់ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។

● ថ្ងៃអាទិត្យ ទី២៩ ខែមករា - ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន នៅរាជធានីភ្នំពេញ ដែលមានកីឡាករកីឡាការនីចំនួនសរុប ១,១៩៤នាក់ មកពី៧២ក្រុម ។

● ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ - ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន នៅទីរួមខេត្តកំពង់ធំ ដែលមានកីឡាករចំនួនសរុប ៣៦០នាក់ មកពី៣០ក្រុម ។

៨ក្រុមដែលឈ្នះការប្រកួតនៅរាជធានីភ្នំពេញ និង ៤ក្រុមដែលឈ្នះការប្រកួតនៅខេត្តកំពង់ធំ និងចូលរួមព្រឹត្តិការណ៏ ការប្រកួតបាល់ទាត់កុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship Final ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ។

ឆ្នាំ២០២៣ នេះគឺជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានធ្វើការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ។ ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចសហការនេះ អង្គការផ្កាយសមុទ្របានពង្រីកវិសាលភាពនៃការប្រកួត បាល់ទាត់នេះ ដោយធ្វើការជាមួយនឹងកុមារ និងយុវជនកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស ។ ដោយប្រើប្រាស់កម្មវិធីបាល់ទាត់ដើម្បីបង្កើតផលវិជ្ជមានក្នុងសង្គម អង្គការផ្កាយសមុទ្រកំពុងតែផ្តល់ ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា ដើម្បីឲ្យពួកគេអាចអភិវឌ្ឍជំនាញបំណិនជីវិត និងទទួលបានភាពរីករាយក្នុងជីវិតទៀតផង ។

ក្នុងព្រឹត្តិការណ៍បើកការប្រកួតនាថ្ងៃអាទិត្យនេះ ទទួលបានការចូលរួមពីក្រុមកីឡាករកីឡាការនីជា កុមារ និងយុវជន ដែលចែកជា ៦ប្រភេទអាយុ ដូចជា៖ ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១៤ឆ្នាំ ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១០ឆ្នាំ ក្រុមកុមារា និងកុមារីអាយុក្រោម១៨ឆ្នាំ ដែលក្រុមនីមួយៗនឹងប្រកួតយ៉ាងស្វាហាប់ដណ្តើមយកពានរង្វាន់ ។

អ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្រ

អ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្រ រួមនឹងលោក Andrew Loh ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia និងលោក ជួប សុភ័ក្រ្ត ជាទូតសុច្ឆនៈអង្គការផ្កាយសមុទ្រ និងពិធីករស្ថានីយទូរទស្សន៍បាយ័ន បានចូលរួមផ្តល់កិត្តិយសសំដែងមតិបើកកម្មវិធី ។ អ្វីដែលកាន់តែពិសេសនោះគឺកញ្ញា Shannon Moloney ជាគ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club បានធ្វើដំណើរពីទីក្រុងហុងកុង ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍នេះ និងចែករំលែកពីបច្ចេកទេសកម្តៅសាច់ដុំមុនពេលប្រកួតទៅកាន់កីឡាករកីឡាការនីផងដែរ ។

ក្រៅពីនេះ កម្មវិធីនេះក៏មានការចូលរួមពីកីឡាការនីអាជីពគឺកញ្ញា ចាន់ ជាតិនីតា មកពីក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកីឡាករអាជីពប្រចាំក្លឹបអាយអេសអាយ ដង្កោរសែនជ័យ លោក ឆេង ចន្ថា ដែលលោក និងកញ្ញាបានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់ ។ គួរបញ្ជាក់ផងដែរថា កីឡាករ និងកីឡាការនីទាំងពីររូបនេះក៏ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA - ISF Youth League រដូវកាលមុនៗទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង