681 ezgif.com resize
Swift cc time

កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងបញ្ជីអំពើពុករលួយប្រចាំឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃទី៣១មករានេះ បានបង្ហាញលទ្ធផលសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយក្នុងឆ្នាំ២០២២ ដោយបញ្ជាក់ថា កម្ពុជាទទួលបានពិន្ទុ២៤ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០។ ជាការកត់សំគាល់ លទ្ធផលនៃពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងឆ្នាំមុន ប៉ុន្តែលទ្ធផលពិន្ទុនេះនៅតែមានកម្រិតទាបខ្លាំង ដែលនៅតែជាក្តីព្រួយបារម្ភនៅឡើយ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរិមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០ប្រទេស ដែលត្រូវបានដាក់ក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងឆ្នាំមុន ពោលក្នុងឆ្នាំកម្ពុជាទទួលបានពិន្ទុ២៣ និងជាប់ចំណាត់ថ្នាក់ទី១៥៧។

លោក ប៉ិច ពិសី បានបញ្ជាក់ថា ទោះបីជាការកើនឡើងពិន្ទុនេះត្រូវបានមើលឃើញថាជាការវិវឌ្ឍល្អក៏ដោយ ប៉ុន្តែលទ្ធផលពិន្ទុនេះនៅតែមានកម្រិតទាបខ្លាំង ដែលបង្ហាញថាមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

បើផ្អែកតាមសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយក្នុងឆ្នាំ២០២២ បានបង្ហាញថាកម្ពុជានៅកើតមាននៅអំពើពុករលួយលក្ខណៈជាប្រព័ន្ទដែលនៅចាក់ស្រេះដែលទាមទារឲ្យមានការចូលរួមដោះស្រាយពីស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វិស័យវិនិយោគ វិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងទៀត។

សូមជម្រាបថា ក្នុងចំណោម១៨០ប្រទេសដែលបានដាក់ក្នុងបញ្ជីអំពើពុករលួយប្រចាំឆ្នាំ២០២២ មាន១១ប្រទេសដែលមានពិន្ទុខ្ពស់បំផុត និងជាប្រទេសដែលមានអំពើពុករលួយកម្រិតទាបបំផុតមាន១១ប្រទេស រួមមាន ដាណឺម៉ាក ហ្វាំងឡង់ នូវែលសេឡង់ ន័រវែស សិង្ហបុរី ស៊ុយអែត ស្វ៊ីស ហូឡង់ អាល្លឺម៉ង់ អៀរឡង់ និងលុចសំបួ៕

Khcct banner

អត្ថបទទាក់ទង